ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បញ្ចូនយន្តហោះស្ទាក់មុខ យន្តហោះឈ្លបការណ៍ របស់សហរដ្ឋអាមេរិក ហោះហើរឆ្លងកាត់ដែន អាកាសរបស់ខ្លួន

សេអ៊ូល ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថា យោធាកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបញ្ជូន យន្តហោះចម្បាំងឡើងស្ទាក់មុខ បន្ទាប់ពីយន្តហោះឈ្លប យកការណ៍ របស់សហរដ្ឋអាមេរិក បានហោះហើរចូល ក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រ ភាគខាងកើតប្រទេស ។

អ្នកនាំពាក្យមួយរូបដែលសុំមិនបញ្ចេញ ឈ្មោះមកពីអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ បានលើកឡើងឲ្យដឹងនៅក្នុងរបាយការណ៍ថា ឧប្បត្តិហេតុដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍គឺជា “ការបង្កហេតុខាងផ្នែក យោធាដ៏គ្រោះថ្នាក់បំផុត” ហើយកូរ៉េខាងជើង កំពុងពិចារណាចាត់វិធានការ ដើម្បីទប់ស្កាត់ការឈ្លាន ពាននាពេលអនាគត ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅមុនកិច្ចប្រជុំកំពូល នៅថ្ងៃសុក្ររបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយសមាជិកសភា កូរ៉េខាងត្បូងមួយរូប ដែលដកស្រង់សម្តីចេញ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសនោះ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង អាចនឹងបាញ់មីស៊ីលផ្លោងអន្តរទ្វីប ឬធ្វើសកម្មភាពយោធាផ្សេងទៀត ដើម្បីប្រឆាំងនឹងកិច្ចប្រជុំនេះផងដែរ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅ Camp David ក្នុងរដ្ឋ Maryland ជាមួយលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយសង្ឃឹមថា នឹងរឹតបន្តឹងលើការទំនាក់ទំនងរវាងក្រុងសេអ៊ូល និងតូក្យូ ស្របពេលមានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង និងនៅគ្រាដែលឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន កំពុងកើនឡើងផងដែរនោះ ។

គេបានដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល១១ថ្ងៃនៅថ្ងៃចន្ទខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top