បរទេស ៖ កាសែត Bild របស់ប្រទេសអាល្លឺម៉ង់ បានអះអាងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមមុខនឹងសេណារីយ៉ូចំនួនបី ចំពេលដែលការវាយលុក ដ៏រអាក់រអួលរបស់ខ្លួន ហើយដែលសេនារីយ៉ូនីមួយៗមានកម្រិតនៃហានិភ័យផ្សេងៗគ្នា ។ នៅក្នុងការវិភាគ កាលពីថ្ងៃសៅរ៍ និពន្ធនាយករងកាសែត Bild លោក Paul Ronzheimer បានព្រមានថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ទីក្រុងគៀវ បរាជ័យ នោះ កងកម្លាំងរុស្ស៊ីអាចនឹង បង្កើនការវាយលុក របស់ពួកគេ និងដណ្តើមយកទឹកដីបន្ថែមទៀត ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអត្ថបទនេះ គឺប្រទេសអ៊ុយក្រែន អាចបន្តព្យាយាម វាយលុកលើការ ការពាររបស់រុស្ស៊ី បើទោះបីជាមិនទាន់សម្រេចបាននូវការទម្លាយអ្វីធំ ដុំមកទល់ពេលនេះក៏ដោយ ។ លោក Ronzheimer បានសរសេរថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតី Vladimir Zelensky នៅតែមានសុទិដ្ឋិនិយម ហើយប្តេជ្ញាបន្តជាមួយនឹងយុទ្ធនាការវាយប្រហារនេះ។ ទោះជាយ៉ាងណា ក៏ដោយ ប្រសិនបើវា មិនទទួលបានផល ចំណេញច្រើននៅចុងឆ្នាំនេះទេ ទីក្រុងគៀវត្រូវបានគេរាយការណ៍ថា គ្រោងនឹងវាយលុក មួយផ្សេងទៀត នៅនិទាឃរដូវឆ្នាំ២០២៤ ។
លោក Ronzheimer បានអះអាងថា មន្ត្រីនៅក្នុងទីក្រុងគៀវ កំពុងមានការខកចិត្តកាន់តែខ្លាំងឡើងចំពោះការរិះគន់មកលើយុទ្ធសាស្ត្រវាយលុករបស់ខ្លួន ពីសំណាក់លោកខាងលិច ។ កាសែត Bild បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ដែលមិនបញ្ចេញឈ្មោះដោយទទូចថា “អ្វីគ្រប់យ៉ាងត្រូវបាន គ្រោងទុករួមគ្នា” ជាមួយអ្នកគាំទ្ររបស់ទីក្រុងគៀវ ។
កាសែត Bild បានចង្អុលបង្ហាញថា ការជំរុញថ្មីណាមួយគឺទាក់ទងនឹងការទទួលបានអាវុធ និងគ្រាប់រំសេវរបស់លោកខាងលិច បន្ថែមទៀត។ លើសពីនោះ រុស្ស៊ីទំនងជានឹង ប្រើការសម្រាកក្នុងរដូវរងា ដើម្បីពង្រឹងការការពាររបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា