ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ចាប់អាមេរិកផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

រូបភាពពី៖​ AFP

សេអ៊ូល៖ កូរ៉េខាងត្បូង និង​អាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅថ្ងៃចន្ទនេះ ក្នុងគោលបំណងពង្រឹងការការពារ និងការត្រៀមខ្លួនរបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

សមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំដែលនឹងមានរយៈពេល ១១ថ្ងៃរហូតដល់ថ្ងៃទី៣១ ខែសីហា នឹងរួមបញ្ចូលព្រឹត្តិការណ៍ហ្វឹកហ្វឺនប្រហែល ៣០ ដោយផ្អែកលើសេណារីយ៉ូសង្រ្គាមទាំងស្រុង នេះបើយោងតាមមន្ត្រីម្នាក់មកពីអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ដោយចំនួនសមយុទ្ធនៅឆ្នាំនេះនឹងលើសពីសមយុទ្ធយោធារួមគ្នាពីមុន។

សមយុទ្ធ​នេះ​ធ្វើ​ឡើង​ខណៈ​កូរ៉េ​ខាង​ត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន ​នៅ​តែ​ប្រុង​ប្រយ័ត្ន ​ចំពោះ​កូរ៉េ​ខាង​ជើង។ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាង កំពុងរៀបចំការបង្កហេតុផ្សេងៗ រួមទាំងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដែលកំណត់ពេលវេលាស្របគ្នានឹងសមយុទ្ធ។

អ្នកនាំពាក្យរបស់ JCS បានឲ្យដឹងថា សមយុទ្ធចុងក្រោយនេះ “ត្រូវបានរចនាឡើងជាសមយុទ្ធដ៏តឹងតែង និងជាក់ស្តែង ដើម្បីពង្រឹងឥរិយាបថការពាររួមបញ្ចូលគ្នា និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធមិត្ត ដោយផ្អែកលើសេណារីយ៉ូ ដែលឆ្លុះបញ្ចាំងពីការគំរាមកំហែងចម្រុះនៅក្នុងបរិយាកាសសន្តិសុខ”។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរៀបចំព្រឹត្តិការណ៍ហ្វឹកហ្វឺនបំពេញបន្ថែមទ្រង់ទ្រាយធំមួយចំនួន ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមយោធានៃសម្ព័ន្ធមិត្តទាំងពីរ។ ក្រៅ​ពី​កងទ័ព​ជើងទឹក ទ័ព​អាកាស និង​ទាហាន​ម៉ារីន​របស់​ប្រទេស​ទាំង​ពីរ អង្គភាព​អវកាស​នៃ​កងកម្លាំង​អាមេរិក​កូរ៉េ ​ក៏​នឹង​ចូល​រួម​ក្នុង​សមយុទ្ធ​នេះ​ដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top