បរទេស៖ ពន្ធនាគារ Remand ក្នុងទីក្រុងបាងកក របស់ប្រទេសថៃ បានផ្អាកការសួរសុខទុក្ខ របស់សាច់ញាតិអ្នកទោស សម្រាប់ថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការឃុំដែលរំពឹងទុក ទៅលើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ពន្ធនាគារបានធ្វើការប្រកាស ជាផ្នែកនៃវិធានការសន្តិសុខ បន្ទាប់ពីកូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា ឪពុករបស់លោកស្រី នឹងមកដល់ប្រទេសថៃតាមយន្តហោះឯកជន នៅឯអាកាសយានដ្ឋានដុនមឿងនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ។
ប៉ូលិសបាននិយាយថា លោកថាក់ស៊ីន នឹងត្រូវចាប់ខ្លួននៅពេលមកដល់ ហើយត្រូវបាននាំភ្លាមៗទៅកាន់ ផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូល សម្រាប់អ្នកកាន់ការិយាល័យនយោបាយ។ បន្ទាប់មក មន្ត្រីនាយកដ្ឋានកែប្រែនឹងនាំលោក ថាក់ស៊ីន ពីតុលាការទៅពន្ធនាគារបាងកក ដើម្បីដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។
ពន្ធនាគារបានពន្យល់ថា ខ្លួនបានផ្អាកការចូលសួរសុខទុក្ខ ដោយហេតុផលសន្តិសុខ ខណៈដែលខ្លួនរំពឹងថា នឹងមានការជួបជុំគ្នាដ៏ធំមួយនៅមុខពន្ធនាគារនៅថ្ងៃអង្គារ។
ខាងពន្ធនាគារបានបន្ថែមថា សាច់ញាត្តិនៅតែអាចសួរសុខទុក្ខបាន គឺតាមមធ្យោបាយអនឡាញ តាមរយៈកម្មវិធី Line ៕
ប្រែសម្រួលៈ ណៃ តុលា