តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលពិការចូលទៅក្នុងសមុទ្រនៅថ្ងៃព្រហស្បតិ៍ស្អែក ទោះបីជាមានការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទក្នុងស្រុក និងការបន្ដប្រឆាំងពីប្រទេសចិន ក៏ដោយ។
ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដោយសារតែបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំនៅកន្លែង ចំពេលមានកិច្ចខិតខំប្រឹងប្រែងសម្អាតជាបន្តបន្ទាប់ បន្ទាប់ពីឧបទ្ទវហេតុនុយក្លេអ៊ែរឆ្នាំ២០១១ ដែលបង្កឡើងដោយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិ។
ក្នុងអំឡុងពេលនៃការប្រមូលផ្តុំនៅការិយាល័យនាយករដ្ឋមន្ត្រី លោក គីស៊ីដា បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបញ្ចេញចោលនូវទឹកដែលបានព្យាបាល និងកម្ទេចរោងចក្រ ដែលខូចដោយសុវត្ថិភាព ដោយលើកឡើងថា “រដ្ឋាភិបាលនឹងទទួលខុសត្រូវទាំងស្រុង ទោះបីជាវាត្រូវចំណាយពេលរាប់ទសវត្សរ៍ក៏ដោយ”។
សហព័ន្ធជលផលជាតិរបស់ប្រទេសជប៉ុន បានរក្សាការប្រឆាំងរបស់ខ្លួន ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទ ដែលមានអារម្មណ៍ថា ផែនការនេះកំពុងដំណើរការទៅមុខដោយគ្មានការយល់ព្រមពីពួកគេ ឬការពន្យល់គ្រប់គ្រាន់ថាតើរដ្ឋាភិបាល ពិតជាអាចការពារកេរ្តិ៍ឈ្មោះនៃផលិតផលអាហារសមុទ្ររបស់ពួកគេបានដែរឬទេ។
បន្ទាប់ពីការប្រកាសរបស់លោក គីស៊ីដា លោក Tomoaki Kobayakawa ប្រធានប្រតិបត្តិកររោងចក្រ Tokyo Electric Power Company Holdings Inc. បានប្រាប់អ្នកសារព័ត៌មានថា លោកបានណែនាំបុគ្គលិកឱ្យចាប់ផ្តើម “យ៉ាងឆាប់រហ័ស” សម្រាប់ការរៀបចំ សម្រាប់ការបង្ហូរទឹក។
មន្ត្រីទទួលបន្ទុកផ្នែកទឹកកែច្នៃបានឲ្យដឹងនៅពេលក្រោយមកថា នៅក្នុងអ្វីដែលអាចជាដំណើរការដែលចំណាយពេលប្រហែល ៣០ឆ្នាំ ក្រុមហ៊ុន TEPCO គ្រោងនឹងចាប់ផ្តើមការចេញផ្សាយ “ដោយប្រុងប្រយ័ត្ន និងពីចំនួនតិចតួច”៕ ប្រែសម្រួល ឈូក បូរ៉ា