ព័ត៌មានអន្តរជាតិ

ប្រមុខរដ្ឋចិន៖ ប្រជាជន នៃប្រទេសទាំងអស់រំពឹងថា ពិភពលោក មានសន្តិភាព សន្តិសុខ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា អ្វីដែលប្រជាជន នៃប្រទេសទាំងអស់ទន្ទឹងរង់ចាំ មិនមែនជាសង្គ្រាមត្រជាក់ថ្មី ឬជាបញ្ហានោះទេ ប៉ុន្តែជាពិភពនៃសន្តិភាពយូរអង្វែង និងសន្តិសុខសកល។

នៅក្នុងនោះដែរប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា សង្គមមនុស្សជាតិ កំពុងឈានដល់ចំណុចប្រសព្វដ៏សំខាន់ ហើយត្រូវសម្រេចចិត្តថាតើត្រូវរក្សាសន្តិភាព និងស្ថិរភាព ឬធ្លាក់ចូលទៅក្នុងទីជ្រៅនៃសង្គ្រាមត្រជាក់ថ្មីមួយ។

ការ​លើក​ឡើង​របស់​លោក ស៊ី ជីនពីង ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សុន្ទរកថា ​ដែល​បាន​អាន​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Wang Wentao នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម BRICS ឆ្នាំ២០២៣។

ប្រធានាធិបតីចិនរូបនេះ ក៏បានព្រមានផងដែរថា ការតស៊ូមតិដោយចេតនានូវអ្វីដែលហៅថា “លទ្ធិប្រជាធិបតេយ្យ ធៀបនឹងរបបផ្តាច់ការ” ហើយការញុះញង់ឱ្យមានការប្រឆាំងរវាងសេរីភាព និងរបបផ្តាច់ការ នឹងធ្វើឱ្យពិភពលោកបែកបាក់គ្នា និងបង្កឱ្យមានការប៉ះទង្គិចនៃអរិយធម៌។

ការលើកឡើងរបស់លោក ធ្វើឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងចិន និងលោកខាងលិច កាន់តែមានភាពយ៉ាប់យឺនក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ និងបញ្ហាធំៗជាច្រើនទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top