បរទេស៖ ប៉ូលីសមិនបានបង្កើនសន្តិសុខនៅខាងក្នុង ឬជុំវិញអគារនៅមន្ទីរពេទ្យ Police General ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនពីពន្ធនាគារ Remand ក្រុងបាងកក ដើម្បីទទួលការព្យាបាលជាបន្ទាន់នៅទីនោះកាលពីព្រឹកថ្ងៃពុធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
អ្នកយកព័ត៌មាន Nation ដែលបានទៅអគារគម្រប់ខួប ៨៨ ឆ្នាំរបស់ព្រះមហាក្សត្រ Bhumibol នៅព្រឹកថ្ងៃពុធ ជាកន្លែងដែលលោក ថាក់ស៊ីនត្រូវបានផ្ទេរទៅទទួលការព្យាបាលនៅជាន់ទី ១៤ នៅម៉ោង ១ ទៀបភ្លឺនោះ បានរកឃើញថា គ្មានបុគ្គលិកស៊ីវិល ឬប៉ូលីសឯកសណ្ឋាន ត្រូវបានបញ្ជូនមកសម្រាប់សន្តិសុខនោះទេ គឺមានតែសន្តិសុខធម្មតាប៉ុណ្ណោះដែលនៅក្នុងអគារ២០ជាន់។
ជាន់ទី ១៤ ដែលលោកថាក់ស៊ីនចូល គឺជាបន្ទប់ពិសេសសម្រាប់អ្នកជំងឺ វីអាយភី។ លោក ថាក់ស៊ីន ត្រូវបានគេអនុញ្ញាតឲ្យចូលបន្ទប់លេខ ១៤០១ ៕ ប្រែសម្រួលៈ ណៃ តុលា