ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ​ជប៉ុន ទទូចបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ គឺជាទង្វើរំលោភ លើទំនុកចិត្តនិង ល្មើសនឹងកិច្ចសន្យា

រដ្ឋាភិបាលជប៉ុន មិនអើពើ នឹងការប្រឆាំងយ៉ាងខ្លាំង ទាំងជាតិ និងអន្តរជាតិ ដោយបានប្រកាស កាលពីថ្ងៃទី២២ ខែសីហាថា នឹងចាប់ផ្តើមបង្ហូរទឹក សំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រចាប់ពីថ្ងៃទី២៤ខែសីហាខាងមុខនេះតទៅ ។ បន្ទាប់មក ក្រុមហ៊ុន ថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន បានចាប់ផ្តើមប្រតិបត្តិការត្រៀមបម្រុង ដើម្បីបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងបំពង់បង្ហូរ ទឹកសំណល់ ។ ថ្ងៃដដែល ប្រជាជនជប៉ុន អង្គការអន្តរជាតិ និងប្រទេស តាមបណ្តោយមហាសមុទ្រ ប៉ាស៊ីហ្វិកបាននាំគ្នាថ្កោលទោស ទាមទារឱ្យភាគី ជប៉ុនលុបចោល​សេចក្តី សម្រេចចិត្តនេះ ។ សហគមន៍អន្តរជាតិ បានសម្គាល់ឃើញជាទូទៅថា ជប៉ុនបង្ខំ ឱ្យជំរុញផែនការ បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ គឺមិន ដែលមានក្នុងប្រវត្តិសាស្ត្រឡើយ នេះមិនត្រឹមតែល្មើស នឹង ច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវ គ្រោះមហន្តរាយ ដែលមិនអាចស្រោចស្រង់ បានទៀតផង ។

ចាប់ពីរដ្ឋាភិបាលជប៉ុន ប្រកាសពីផែនការបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រនាពីរឆ្នាំមុនមក ភាពត្រឹមត្រូវ ភាពស្របច្បាប់ និងសុវត្ថិភាព នៃផែនការនេះ បានរងការចោទ ជាមន្ទិលសង្ស័យជាប់រហូតមក ។ ដើម្បីទប់ស្កាត់កំហឹង ពីសាធារណជន រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន ថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន បានសន្យាចំពោះប្រជាជន ខេត្ត Fukushima និងសហគមន៍អន្តរជាតិថា មុនពេលទទួលការ យោគយល់ពីភាគីមានផល ប្រយោជន៍ពាក់ព័ន្ធ នឹងមិនចាត់ចែងទឹក សំណល់នុយក្លេអ៊ែរ តាមតែទំនើងចិត្តនោះទេ ។ ប៉ុន្តែការពិតជាក់ស្តែងបានបង្ហាញថា រដ្ឋាភិបាលជប៉ុន បានក្បត់ពាក្យសន្យា ដែលគ្មានភាពស្មោះត្រង់ ទាល់តែសោះ ។

រយៈពេលពីរឆ្នាំកន្លងទៅនេះ ជប៉ុន បានរៀបចំបង្កើតទំនាក់ទំនងសាធារណៈលើ ឆាកអន្តរជាតិយ៉ាងសកម្ម ប៉ុនប៉ងឃោសនាបំប៉ោងយ៉ាងគឃ្លើនថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺ “មានសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់” ។ មួយផ្នែក ភាគីជប៉ុនគឺលួចផ្លាស់ប្តូរនិយមន័យ ដែលនិយាយបំផ្លើសថា “ទឹកសំណល់នុយក្លេអ៊ែរ” គឺជា“ទឹកសំណល់នុយក្លេអ៊ែរដែលធ្វើប្រព្រឹត្តកម្មរួច” ដើម្បីបន្សាបផលវិបាកជាក់ស្តែងរបស់វា ។ មួយផ្នែកទៀត ជប៉ុនចំណាយលុយជាច្រើន ដើម្បីទិញ “លិខិតអនុញ្ញាត”ឱ្យបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ។
តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូង ឱ្យដឹងថា មុនពេលអង្គការ ថាមពលបរមាណូអន្តរជាតិ ចេញផ្សាយរបាយការណ៍ វាយតម្លៃកាលពីខែកក្កដាឆ្នាំនេះ រដ្ឋាភិបាលជប៉ុន ក៏ទទួលបានសេចក្តីព្រាង នៃរបាយការណ៍រួចជាស្រេចហើយ ព្រមទាំងបានលើកឡើង នូវមតិយោបល់ធ្វើវិសោធនកម្មជាក់ស្តែង ។ មន្ត្រីជប៉ុនក៏បានជូន “ប្រាក់វិភាគទាន” ជាង១លានប្រាក់អឺរ៉ូ ដល់បុគ្គលិកការងារ នៃលេខាធិការដ្ឋាន នៃអង្គការថាមពល បរមាណូអន្តរជាតិផងដែរ ។ បន្ទាប់ពីត្រូវបានចេញ ផ្សាយរបាយការណ៍វាយតម្លៃ មិនបានបង្ហាញយ៉ាងពេញ លេញនូវមតិយោបល់ របស់អ្នកជំនាញ ទាំងអស់ដែលចូលរួមការវាយតម្លៃទេ ហើយសេចក្ដីសន្និដ្ឋានពាក់ព័ន្ធក៏ មិនទទួលបានការទទួល ស្គាល់ជាឯកច្ឆន្ទពីអ្នកជំនាញនោះដែរ ។

ទឹកសំណល់នុយក្លេអ៊ែរ គឺជាទឹកសំណល់នុយក្លេអ៊ែរ មិនថាភាគីជប៉ុន ប្រើមធ្យោបាយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាច “លាងឱ្យជ្រះ”បានដែរ ។ បច្ចុប្បន្ន ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថា ទឹកសំណល់នុយក្លេអ៊ែរ Fukushima មានសារធាតុវិទ្យុសកម្មជាច្រើន ដែលបូករួមទាំង tritium Carbon ១៤ Cobalt ៦០ និងStrontium ៩០ ជាដើម ។ ដោយសាររងឥទ្ធិពល ពីលំហូរទឹកសមុទ្រ សារធាតុទាំងនេះប្រហែល នឹងរីកសាយភាយទៅដល់លំហ មហាសមុទ្រប៉ាស៊ីហ្វិកទាំងមូល រហូតដល់សមុទ្រ ទូទាំងពិភពលោក ដែលនឹងបង្កជាផលប៉ះពាល់ មិនអាចប៉ាន់ស្មានបាន ចំពោះបរិស្ថានសមុទ្រ និងសុខភាពមនុស្សជាតិ ។

ក្នុងសភាពការណ៍បែបនេះ ជប៉ុនបង្ខំឱ្យបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ តាមការពិតគឺផ្ទេរហានិភ័យ នៃការបំពុលដោយសារធាតុ នុយក្លេអ៊ែរដ៏ខ្លាំងទៅឱ្យមនុស្សជាតិ ទាំងមូល មុខជានឹងរងការប្រឆាំង យ៉ាងដាច់ខាតជាក់ជាមិនខាន ។ ពេលថ្មីៗកន្លងទៅនេះ ប្រជាជនកូរ៉េខាងត្បូង ជាង៤ម៉ឺននាក់ បានអំពាវនាវ ឱ្យរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងទៅតុលាការមហាសមុទ្រអន្តរជាតិ ដើម្បីទប់ស្កាត់ជប៉ុន បង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ ។

យោងតាមការកំណត់នៃ 《អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ》ឱ្យដឹងថា ប្រទេសនានា មានកាតព្វកិច្ច ការពារនិងអភិរក្ស ឱ្យបានគង់វង្សនូវបរិស្ថាន មហាសមុទ្រ ។ ក្នុងនាមជាប្រទេសហត្ថលេខី ជប៉ុន គួរតែរ៉ាប់រងទំនួលខុសត្រូវ តាមច្បាប់អន្តរជាតិ ។ សហគមន៍អន្តរជាតិ ក៏មានសិទ្ធិទាំងស្រុង ធ្វើចំណាត់ការ តាមផ្លូវច្បាប់ ដើម្បីផ្តន្ទាទោសនិងទាមទារសំណងពីជប៉ុនដែរ ។ ជប៉ុនដែលបានបើក “ប្រអប់ Pandora”បំផ្លាញនូវពាក្យ សច្ចទាំងស្រុង ។ ទូទាំងពិភពលោកមិន ត្រូវបង់ថ្លៃដ៏ធ្ងន់ធ្ងរ ដោយសារភាពអាត្មានិយម ហួសហេតុនិងមិនទទួលខុស ត្រូវរបស់ជប៉ុននោះទេ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជា

To Top