បាងកក ៖ ប្រធានមន្ទីរពេទ្យ Police General បាននិយាយដោយទទូច នៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនទទួលបានសិទ្ធិ ពិសេសណាមួយឡើយ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ស៊ីន កំពុងត្រូវបាន តាមដានយ៉ាង ដិតដល់ដោយក្រុមវេជ្ជបណ្ឌិតមួយក្រុម ដែលមានគ្នា ៦នាក់ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីព្រឹកថ្ងៃពុធ ។
ឧត្តមសេនីយ៍ទោ Soponrat Singhajaru អគ្គនាយកមន្ទីរពេទ្យ បានបដិសេធថា លោកថាក់ស៊ីន គឺមិនត្រូវបានគេដាក់នៅក្នុងបន្ទប់ពិសេស VIP នៅជាន់ទី ១៤ ក្នុងមន្ទីរពេទ្យនោះទេ ។
លោកបាននិយាយថា លោកថាក់ស៊ីន ពិតជាត្រូវបានគេដាក់ នៅក្នុងបន្ទប់គ្មានម៉ាស៊ីនត្រជាក់នៅជាន់ទី១៤ ដែលជាកន្លែង ដែលអ្នកជំងឺ Covid-19 ត្រូវបានព្យាបាល ។
លោកបានបន្តថា «ម៉ាស៊ីនត្រជាក់នៅជាន់នោះ ខូច ដូច្នេះកង្ហារពីរត្រូវបានគេប្រើ សម្រាប់ឱ្យមានខ្យល់»។
លោក Soponrat ក៏បានទទូចថា បន្ទប់របស់លោក ថាក់ស៊ីន ក៏មិនមានទិដ្ឋភាពល្អនៃទីក្រុងដែរ ព្រោះបន្ទប់នៅខាងនោះពន្លឺថ្ងៃចាំងចូលផ្ទាល់ ហើយក្តៅនៅពេលថ្ងៃ ។
លោកបាននិយាយទៀតថា ប៉ូលិសភូមិន្ទថៃ មិនត្រូវបានគេជូនដំណឹង ជាមុនអំពីលោកថាក់ស៊ីន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះទេ ដោយបន្ថែមថា ការផ្ទេរលោកមកគឺជាការសង្គ្រោះបន្ទាន់។
លោកថា លោក ថាក់ស៊ីន ឈឺទ្រូងភ្លាមៗ ហើយមានអុកស៊ីហ្សែនទាប សម្ពាធឈាមរបស់គាត់ក៏ឡើងខ្ពស់ខ្លាំងដែរ ហើយគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៃពន្ធនាគារ Remand ទីក្រុងបាងកក នៅយប់ដំបូង ដែលលោកជាប់ពន្ធនាគារ៕
ប្រែសម្រួលៈ ណៃ តុលា