ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយលើកឡើងពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) ឲ្យដឹងថា ការលក់រថយន្តសរុបនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះបានកើនឡើងដល់ ១៦២,០១៤ គ្រឿង ពោលគឺធ្លាក់ចុះ ៣០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ថា ការលក់រថយន្តដឹកអ្នកដំណើរ រថយន្តពាណិជ្ជកម្ម និងរថយន្តប្រើប្រាស់ពិសេសបានធ្លាក់ចុះ ៣៤ភាគរយ ១3 ភាគរយ និង ៦៣ភាគរយរៀងៗខ្លួន។
កាសែតនេះបានរាយការណ៍ថា ទីផ្សាររថយន្តវៀតណាម ត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងចាប់ពីខែសីហា រហូតដល់ដំណាច់ឆ្នាំនេះ ដោយសារគោលនយោបាយ ដែលកាត់បន្ថយថ្លៃចុះឈ្មោះពាក់កណ្តាល។
កាសែតនេះបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ អំណាចទិញប្រហែលជាមិនមានកំណើនលឿនដូចឆ្នាំមុននោះទេ ដោយសារឥទ្ធិពលនៃទីផ្សារភាគហ៊ុន អចលនទ្រព្យ និងទីផ្សារប្រាក់កម្ចីអតិថិជន ដែលនៅតែរឹងមាំដូចកាលពីឆ្នាំមុន។
នៅក្នុងខែកក្កដាតែមួយ រថយន្ត ២៤,៦៨៧គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសវៀតណាម កើនឡើង ៤ ភាគរយធៀបនឹងខែមុន នេះបើយោងតាម VAMA ។
ចន្លោះខែមករា និងខែកក្កដា វៀតណាមបានចំណាយប្រាក់ប្រមាណ ៤,៣ពាន់លានដុល្លារអាមេរិក លើការនាំចូលរថយន្ត ដែលផលិតទាំងស្រុង និងគ្រឿងបន្លាស់សម្រាប់ដំឡើង ដោយបានប្រកាសពីការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ១៦,៥ ភាគរយ នេះបើយោងតាមការិយាល័យស្ថិតិរបស់ប្រទេស៕ប្រែសម្រួល ឈូក បូរ៉ា