ព័ត៌មានអន្តរជាតិ

ក្រសួងយុត្តិធម៌ថា លោក ថាក់ស៊ីន គឺមិនអនុញ្ញាត ឱ្យបញ្ជូនទៅមន្ទីរពេទ្យ ឯកជនឡើយ

បរទេស ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងប្រធាននាយកដ្ឋានកែប្រែ របស់ប្រទេសថៃ បាននិយាយដោយទទូចនៅថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យទូទៅ Police General ហើយនឹងមិនអនុញ្ញាត ឱ្យផ្ទេរទៅមន្ទីរពេទ្យ ឯកជននោះទេ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sahakarn Phetnarin មន្រ្តីជាន់ខ្ពស់ ក្រសួងយុត្តិធម៌ និងលោក Nassathee Thongplad ប្រធានពន្ធនាគារ Remand ក្រុងបាងកក បានធ្វើសន្និសីទកាសែត ពីរដាច់ដោយឡែកពីគ្នា ដើម្បីច្រានចោលការរំពឹងទុកថា លោកថាក់ស៊ីន ត្រូវបានផ្លាស់ប្តូរពីមន្ទីរពេទ្យ Police General ទៅមន្ទីរពេទ្យ Phraram 9 ដែលគ្រួសាររបស់លោកថាក់ស៊ីន មានភាគហ៊ុនធំនៅទីនោះ។

លោកថាក់ស៊ីន ត្រូវបានបញ្ជូនពីមន្ទីរពេទ្យក្នុងពន្ធនាគារ Remand បាងកក ទៅកាន់មន្ទីរពេទ្យទូទៅ Police General នៅម៉ោង ១ ព្រឹកថ្ងៃពុធ បន្ទាប់ពីគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យពន្ធនាគារបានរកឃើញថា លោកមានការឈឺទ្រូង និងសម្ពាធឈាមឡើងខ្ពស់ឥតឈប់ឈរ។

គូប្រជែងរបស់លោកបាននិយាយដោយមិនសុខចិត្ត ចំពោះរបាយការណ៍ នៃការផ្ទេរលោក ទៅមន្ទីរពេទ្យ ដោយស្មានថា លោក ថាក់ស៊ីន អាចទទួលបានការ ព្យាបាល VIP នៅជាន់ទី១៤ នៃអគារមួយក្នុងមន្ទីរពេទ្យ ដែលមានទិដ្ឋភាពដ៏អស្ចារ្យ អាចមើលឃើញទីលាន វាយកូនហ្គោលពណ៌បៃតង ដ៏បរិសុទ្ធនៅក្បែរនោះ ។ អ្នកខ្លះថែមទាំងសង្ស័យថា លោក ថាក់ស៊ីនប្រហែលជាត្រូវផ្លាស់ទៅមន្ទីរពេទ្យ Phraram 9 ដែលមានផាសុខភាពជាងនេះ ព្រោះអាជ្ញាធរមិនដែលបង្ហាញរូបថតរបស់លោក នៅខាងក្នុងមន្ទីរពេទ្យប៉ូលីសទេ។

លោក Sahakarn បាននិយាយថា “លោក ថាក់ស៊ីន ពិតជានៅខាងក្នុងមន្ទីរពេទ្យ Police General ប៉ុន្តែរូបថតរបស់លោក មិនអាចចែករំលែកបានទេ ពីព្រោះការផ្សព្វផ្សាយរូបថត របស់អ្នកទោសត្រូវបានហាមឃាត់ ដែលសិទ្ធិរបស់ពួកគេត្រូវបាន ការពារដោយច្បាប់” ។

លោកបានបន្ថែមថា អ្នកជំងឺក៏មានសិទ្ធិឯកជន របស់ពួកគេដែលត្រូវបានការពារ ដោយច្បាប់ផងដែរ។

លេខាអចិន្ត្រៃយ៍រងរបស់ក្រសួងយុត្តិធម៌ថៃ បាននិយាយថា គ្មានហេតុផលណាមួយ ដែលត្រូវផ្ទេរថាក់ស៊ីនពីមន្ទីរពេទ្យប៉ូលីស ទៅមន្ទីរពេទ្យឯកជននោះទេ ព្រោះគ្រូពេទ្យនៅមន្ទីរពេទ្យទូទៅ អាចដោះស្រាយស្ថានភាពសុខភាព របស់លោកបាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top