ព័ត៌មានអន្តរជាតិ

UN៖ ជំងឺអាសន្នរោគ បង្កការរាតត្បាត ដល់ពលរដ្ឋអេត្យូពីរហូតដល់ជិត១៧.០០០នាក់

អាប់ឌីស អាប់បា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងថា ករណីជំងឺអាសន្នរោគមានលើសពី១៦.៨០០ករណី និងការស្លាប់ដែលពាក់ព័ន្ធជំងឺនេះមានចំនួន២១២នាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសអេត្យូពី គិតចាប់តាំងពីពាក់កណ្តាលខែកក្កដាមកនេះ ។

អង្គការ OCHA នៅក្នុងចេញព័ត៌មានថ្មីៗអំពីស្ថានភាពចុងក្រោយបំផុតរបស់ខ្លួន ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារបានឲ្យដឹងថា ការផ្ទុះឡើង នៃជំងឺអាសន្នរោគដែលកំពុងបន្តផលប៉ះពាល់ដល់តំបន់ Amhara, Oromia, Sidama, ប្រជាជាតិភាគខាងត្បូង តំបន់ជនជាតិ និងប្រជាជន (SNNP) និងតំបន់សូម៉ាលី នៃប្រទេសអេត្យូពី ជាមួយនឹងរបាយការណ៍ថ្មីៗនៃករណីជំងឺអាសន្នរោគពី Afar, Benishangul , Gumz និង Dire Dawa ។

អង្គការខាងលើបានឲ្យដឹងថា តំបន់ Amhara នៅតែមានការព្រួយបារម្ភខ្ពស់បំផុតដោយមានរបាយការណ៍ជាង២.៧០០ករណីស្របពេលអសន្តិសុខ និងអរិភាពដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលករណីឆ្លងទាំងនេះ និងគ្រប់គ្រងការផ្ទុះឡើងនៃជំងឺ ។

អង្គការ OCHA បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងដែលផ្តល់ឳសថតាមមាត់នាពេលថ្មីៗនេះ ដែលដំបូងកំណត់គោលដៅមនុស្សចំនួន២,០៦លាននាក់ត្រូវបានបញ្ចប់នៅក្នុងស្រុកអាទិភាពនៃតំបន់ Oromia, Sidama និង SNNP ។

អង្គការខាងលើក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកថែទាំសុខភាពផ្សេងទៀតនៅក្នុងប្រទេសអេត្យូពី រួមទាំងជំងឺកញ្ជ្រឹល និងជំងឺគ្រុនចាញ់ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top