ប្រទេស BRICS បានបន្ថែមចំនួនសមាជិកហើយ ! នាព្រឹកថ្ងៃទី ២៤ ខែសីហា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើសន្និសីទសារព័ត៌មានពិសេសនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងដោយបានប្រកាសថា អញ្ជើញប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អ៊ីរ៉ង់និងអេត្យូពីឱ្យចូលជាសមាជិកប្រទេស BRICS ជាផ្លូវការ ។
នេះគឺជាការបន្ថែមចំនួនសមាជិកប្រទេស BRICS ជាប្រវត្តិសាស្ត្រមួយលើក ហើយក៏ជាសមិទ្ធផលដ៏សំខាន់បំផុតមួយដែលទទួលបានក្នុងកិច្ចប្រជុំកំពូល នៃប្រទេស BRICS លើកនេះផងដែរដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេស BRICS ក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ។ ដោយឡែកចំនួនសមាជិកប្រទេស BRICS ទាំង ៦ ថ្មីនេះមានឧត្តមភាពខាងឧស្សាហកម្មរៀងៗខ្លួន ហើយមានលក្ខណៈបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ចយ៉ាងខ្លាំងដែលនឹងធ្វើឱ្យនិម្មាបនកម្មឧស្សាហកម្មនៃប្រទេស BRICS កាន់តែមានភាពល្អពេញលេញក្នុងវិស័យផលិតកម្ម ស្បឿងអាហារ ថាមពលនិងសេវាកម្មជាដើម ។
ក្នុងនាមជាតំណាង នៃទីផ្សារងើបឡើងថ្មី ប្រទេស BRICS បានបង្កើត”ទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់” គឺមានន័យថា កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាមានគុណភាពខ្ពស់ វាមិនត្រឹមតែអាចឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួន ដូចជាកម្លាំងចលករនៃការស្តារសេដ្ឋកិច្ចសកលឡើងវិញនាពេលបច្ចុប្បន្នបានថមថយចុះជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងស៊ីសង្វាក់គ្នាជាមួយចរន្តអភិវឌ្ឍន៍នៃសម័យកាលនិងបច្ចេកវិទ្យា ក៏ដូចជាកាន់កាប់ថានៈដែលមានប្រៀបនិងម្ចាស់ការក្នុងការអភិវឌ្ឍ ។ តើត្រូវធ្វើយ៉ាងណា ? ប្រទេសចិនបានផ្តល់ផែនការជាក់លាក់រួចជាស្រេច ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតងបានក្លាយជាកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ចសកល ។
《របាយការណ៍ស្តីពីសន្ទស្សន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកល》ដែលរួមគ្នាចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុ នៃបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិនជាដើមកាលពីខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញថា ពិន្ទុគិតជាមធ្យមនៃសន្ទស្សន៍នេះបានកើនឡើងពី ៤៥,៣៣ នាឆ្នាំ ២០១៣ ដល់ ៥៧,០១ នាឆ្នាំ ២០២១ ដែលបានកើនឡើង ២៦ ភាគរយ ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានសង្កត់ធ្ងន់ថា ត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសគឺ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ក៏ដូចជាជំរុញការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ក្នុងន័យចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការខាងវិស័យសេដ្ឋកិច្ចនៃប្រទេស BRICS ។
លើសពីនេះទៅទៀត ប្រទេសចិនក៏បានលើកឡើងនូវវិធានការ ដូចជាបង្កើត”សួនជំរុញការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីរវាងប្រទេសចិននិងប្រទេស BRICS “និងស្វែងរកការបង្កើត”វេទិកាសហប្រតិបត្តិការស្តីពីទិន្នន័យនិងការប្រើប្រាស់ផ្កាយរណបដែលអាចបញ្ជាពីចម្ងាយសកលនៃប្រទេស BRICS “ជាដើមដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ BRICS តាមរយៈការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីជំរុញប្រទេស BRICS ឱ្យសម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយគុណភាពខ្ពស់ ។
កិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខគឺជាវិស័យដ៏សំខាន់មួយទៀត ។ សន្តិសុខជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ។ “ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន” “ការបង្កើនកិច្ចសម្របសម្រួលលើបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ” “ការបញ្ចុះកម្តៅបញ្ហាចំណុះក្តៅ”។ល។ គំនិតផ្តួចផ្តើមរបស់ចិនស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខនៃប្រទេស BRICS បានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់អ្នកផងទាំងពួងដែលស្នេហាសន្តិភាពនៅលើពិភពលោក ដែលមានអំណោយផលដល់ ប្រទេស BRICS ក្នុងការប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃការអភិវឌ្ឍដោយសន្តិភាព ក៏ដូចជារួមចំណែករបស់ខ្លួនដើម្បីគាំពារសន្តិភាពពិភពលោក ។
សូមបញ្ជាក់ថា ភាពបើកទូលាយ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគឺជាខ្លឹមសារនៃ”ស្មារតី BRICS” ហើយក៏ជាលេខសម្ងាត់ដែលធ្វើឱ្យយន្តការសហប្រតិបត្តិការប្រទេស BRICS ដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ។ ដោយឈរលើទីចាប់ផ្តើមថ្មីនៃការបន្ថែមចំនួនសមាជិកប្រទេស BRICS កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS នឹងដើរឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នេះក៏នឹងពង្រឹងបន្ថែមទៀតនូវកម្លាំងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន