ព័ត៌មានអន្តរជាតិ

ក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃ បានឆាបឆេះលើផ្ទៃដី លើសពី៦០.០០០ហិកតា នៅក្នុងប្រទេសអ៊ីតាលី

ប្រភព ៖ Xinhua

រ៉ូម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សមាគមកសិកម្មសំខាន់របស់ប្រទេសអ៊ីតាលី ឈ្មោះថា Coldiretti បានឲ្យដឹងថា ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដីជាង៦០០គីឡូម៉ែត្រការ៉េ ស្មើនឹងប្រមាណ៦០.០០០ហិកតា នៅក្នុងប្រទេសអ៊ីតាលី ដែលតួលេខនេះលើសពីឆ្នាំ២០២២ ។

សមាគមខាងលើបានឲ្យដឹងថា រដូវក្តៅរាំងស្ងួត និងក្តៅខុសពីធម្មតាចំនួន២លើក នាពេលកន្លងមក បានធ្វើឱ្យកម្រិតទឹកនៅក្នុងទន្លេ និងបឹងមានកម្រិតទាប ដែលធ្វើឲ្យមានភាពរាំងស្ងួត នៅក្នុងតំបន់ព្រៃឈើ តំបន់ដែលរងផលប៉ះពាល់ ដោយអគ្គីភ័យភាគច្រើន គឺកោះ Sicily និង Sardinia ប៉ុន្តែផ្នែកផ្សេងទៀត នៃភាគខាងត្បូង នៃប្រទេសអ៊ីតាលី ក៏ជួបប្រទះនឹងភ្លើងដែលមិនអាចគ្រប់គ្រងបានផងដែរ ហើយថ្មីៗនេះ ភ្លើងបានឆាបឆេះនៅផ្នែកខាងកើតនៃកោះ Tuscan នៃក្រុង Elba ។

តំបន់សរុបដែលរងគ្រោះដោយភ្លើង គឺធំជាង៣ដង នៃទីក្រុង Milan នៅភាគខាងជើងនៃប្រទេសអ៊ីតាលី ។

ទោះបីជារដូវក្តៅក្នុងឆ្នំា២០២២ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត និងរលកកម្ដៅក៏ដោយ ក៏អាកាសធាតុនៅឆ្នាំនេះកាន់តែមានកម្រិតខ្លាំងជាង ដែលនឹងមានសី តុណ្ហភាពខ្ពស់បំផុត នៅក្នុងផ្នែកជាច្រើន នៃប្រទេសនេះ ហើយរលកកម្ដៅ ក៏មានឥទ្ធិពលបង្ក ឱ្យមានភ្លើងឆេះព្រៃ កាន់តែងាយស្រួលថែមទៀត ។

ប៉ូលិសត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការស៊ើបអង្កេតជាច្រើនលើការដុតព្រៃឈើដែលអាចកើតមាននៅក្នុងករណីខ្លះនៃភ្លើងឆេះព្រៃ ជាពិសេសនៅកោះ Sicily និង Sardinia ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top