ព័ត៌មានអន្តរជាតិ

UN៖ សហរដ្ឋអាមេរិក ចោទចិន និងរុស្ស៊ី ពីបទរារាំងអ.ស.ប ក្នុងការសម្របសម្រួលរឿងបាញ់មីស៊ីល របស់កូរ៉េខាងជើង

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានចោទប្រកាន់ចិន និងរុស្ស៊ី ពីបទរារាំងការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានបង្រួបបង្រួមចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង រួមទាំងការប៉ុនប៉ងកាលពីថ្ងៃព្រហស្បតិ៍ ដោយទីក្រុងព្យុងយ៉ាង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មនៅក្នុងលំហ ។

នៅក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ សមាជិក១៣រូបនៅក្នុងចំណោម១៥រូប សមាជិកទាំងអស់ លើកលែងតែក្រុងម៉ូស្គូ និងក្រុងប៉េកាំង បានថ្កោលទោសការសាកល្បងលើការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី២របស់ក្រុងព្យុងយ៉ាងក្នុងរយៈពេល៣ខែដែលបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា “នេះគួរតែជាបញ្ហាដែលបង្រួបបង្រួមយើង។ … ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២២មក ក្រុមប្រឹក្សានេះបានបរាជ័យក្នុងការធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដោយសារតែការរារាំងរបស់ប្រទេសចិន និងរុស្ស៊ី” ។

លោកស្រីបានថ្លែងទៀតថា “ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កំពុងកើនឡើង ហើយរុស្ស៊ី និងចិន មិនស្ថិតនៅតាមទំនួលខុសត្រូវរបស់ពួកគេក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ”” ។

លោកស្រី Thomas-Greenfield ក៏បានបរិហារទៅលើវត្តមានរបស់មន្ត្រីរុស្ស៊ី និងចិន នៅឯក្បួនព្យុហយាត្រាយោធាកូរ៉េខាងជើង កាលពីខែមុន ដែលបានបង្ហាញពីយន្តហោះគ្មានមនុស្សបើកថ្មី និងមីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top