ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃសៅរ៍ មានការបាញ់ប្រហារដោយប្រកាន់ពូជសាសន៍នៅឯហាង Dollar General នៅក្នុងទីក្រុង Jacksonville រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន៤នាក់ បាត់បង់ជីវិត រួមទាំងអ្នកបាញ់ប្រហារផងដែរ ។
លោក Sheriff T.K. Waters តម្រួតប្រចាំក្រុង Jacksonville បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនរងគ្រោះ គឺជាបុរស២នាក់ និងស្ត្រីម្នាក់ សុទ្ធតែជាជនជាតិស្បែកខ្មៅដូចគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនជាតិស្បែកស មានអាយុ២០ឆ្នាំ ប្រដាប់ដោយកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើម ពាក់អាវកាក់ ។
លោក Waters បានប្រាប់ដល់អ្នកយកព័ត៌មានថា “ការបាញ់ប្រហារនេះគឺត្រូវបានជំរុញទឹកចិត្តដោយប្រកាន់ពូជសាសន៍ ហើយគាត់ស្អប់មនុស្សស្បែកខ្មៅ” ។
លោក Waters បានលើកឡើងថា នៅមុនពេលការបាញ់ប្រហារ អ្នកបាញ់ប្រហារបានសរសេរអំពី “ការសម្តែងមតិជាច្រើន” ដោយរៀបរាប់លម្អិតពីការស្អប់របស់គាត់ចំពោះមនុស្សស្បែកខ្មៅ ។
ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យដែលបានបាញ់សម្លាប់ខ្លួនឯង ក្រោយពីបានធ្វើការវាយប្រហារនោះ ត្រូវបានគេជឿថា បានធ្វើសកម្មភាពតែម្នាក់ឯង ហើយមិនមានភស្តុតាងណាមួយដែលបង្ហាញថា គាត់ជាផ្នែកមួយនៃក្រុមទ្រង់ទ្រាយធំនោះទេ ។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅឆ្ងាយពីសាកលវិទ្យាល័យ Edward Waters ដែលជាមហាវិទ្យាល័យរបស់ជនជាតិស្បែកខ្មៅជាប្រវត្តិសាស្ត្រ ដែលសិស្សានុសិស្សរស់នៅក្នុងបរិវេណសាលាត្រូវបានប្រាប់ឱ្យស្នាក់នៅក្នុងសាលស្នាក់នៅរបស់ពួកគេ ។
លោក Donna Deegan អភិបាលក្រុង Jacksonville ក៏បានហៅការបាញ់ប្រហារនេះថា ជាឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើម ៕
ដោយ៖ ម៉ៅ បុប្ផាមករា