ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូង រាប់ពាន់នាក់ ផ្ទុះការតវ៉ា ចំពោះការបញ្ចេញ ទឹកវិទ្យុសកម្ម របស់ជប៉ុន ចូលក្នុងសមុទ្រប៉ាស៊ីហ្វិក

រូបភាព៖ Afp

សេអ៊ូល៖ អ្នកនេសាទ សកម្មជន និងអ្នកនយោបាយកូរ៉េខាងត្បូង រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅកណ្តាលទីក្រុងសេអ៊ូល ដោយថ្កោលទោស ចំពោះការបញ្ចេញចោល ទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរ របស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ។

អ្នកចូលរួមបានស្រែកថា “បញ្ឈប់ជាបន្ទាន់ការបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ទៅក្នុងមហាសមុទ្រ ហើយប្រទេសជប៉ុន ត្រូវតែរក្សាទុកទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរនៅលើដីរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រឆាំងនឹងរដ្ឋាភិបាលជប៉ុន។

ការប្រមូលផ្តុំគ្នានេះបានកើតឡើង បន្ទាប់ពីប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មដំបូងចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi កាលពីថ្ងៃព្រហស្បតិ៍។

លោក Kim Young-bok អាយុ ៦៣ ឆ្នាំ បានឲ្យដឹងថា “ទោះបីជាអ្នកនេសាទចាប់ក្តាមខៀវក៏ដោយ ក៏ឈ្មួញមិនយកវាទេ ទោះបីជាតម្លៃរបស់វាធ្លាក់ចុះជាងពាក់កណ្តាល។ 

លោក Kim បានលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ គួរតែបញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកសំណល់ ដែលនឹងនាំមកនូវមហន្តរាយដល់មនុស្សជាតិនៅជុំវិញពិភពលោក។

ឈរក្បែរម្តាយ ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់បាននិយាយថា គាត់មិនអាចយល់បានថា ហេតុអ្វីបានជាប្រទេសជប៉ុន បញ្ចេញចោលទឹកសំណល់ទៅក្នុងមហាសមុទ្រ ដែលប្រទេសផ្សេងៗចែករំលែកក្ដីបារម្ភ ខណៈក្មេងស្រីអាយុ ១០ឆ្នាំម្នាក់បាននិយាយថា គាត់មិនអាចទៅហែលទឹកសមុទ្របានដោយសារបញ្ហានេះ។

លោក Yuji Hosaka សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Sejong ក្នុងទីក្រុងសេអ៊ូល បានឲ្យដឹងថា “ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះប្រជាជនកូរ៉េខាងត្បូង ដោយសារតែប្រទេសជប៉ុន ជាកន្លែងដែលខ្ញុំកើត បានបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ទៅក្នុងមហាសមុទ្របែបនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top