ព័ត៌មានអន្តរជាតិ

តុលាការ​អ៊ីរ៉ង់ ពិន័យ​រដ្ឋាភិបាល​អាមេរិក ៣៣០​លាន​ដុល្លារ សម្រាប់​តួនាទី​ក្នុង​ផែនការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ១៩៨០

រូបភាពពី៖​ AFP

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា តុលាការអ៊ីរ៉ង់បានសម្រេចថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣៣០ លានដុល្លារ សម្រាប់ការខូចខាតដែលបណ្តាលមកពីការធ្វើរដ្ឋប្រហារបរាជ័យដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៨០ ។

សេចក្តីសម្រេចនេះត្រូវបានចេញដោយសាខាទី៥៥ នៃតុលាការយុត្តិធម៌ទីក្រុងតេអេរ៉ង់ បន្ទាប់ពីបានបើកសវនាការក្នុងសម័យប្រជុំមួយកាលពីថ្ងៃទី២៤ ខែកក្កដា ពាក្យបណ្តឹងបានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចុងចោទចំនួន ៧ នាក់ផ្សេងទៀតដោយក្រុមគ្រួសារនៃជនរងគ្រោះបីនាក់ និងអ្នកដែលរងរបួសអំឡុងពេលរដ្ឋប្រហារ។

យោង​តាម​សេចក្តី​សម្រេច រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន ៣០ លាន​ដុល្លារ​ដល់​ដើម​ចោទ និង​ប្រាក់​សំណង​បន្ថែម ៣០០ លាន​ដុល្លារ​បន្ថែម​ទៀត​ជា​ទោសទណ្ឌ។

ផែនការធ្វើរដ្ឋប្រហារមានគោលបំណងផ្តួលរំលំសាធារណរដ្ឋឥស្លាម ដែលទើបបង្កើតថ្មីរបស់អ៊ីរ៉ង់ និងស្ថាបនិករបស់ខ្លួនលោក Imam Khomeini ប៉ុន្មានខែបន្ទាប់ពីរបប Shah គាំទ្រដោយសហរដ្ឋអាមេរិករបស់លោក Mohammad Reza Pahlavi ត្រូវបានផ្ដួលរំលំក្នុងបដិវត្តន៍នៅឆ្នាំ១៩៧៩ ។

ផែនការនេះពាក់ព័ន្ធនឹងមន្ត្រីយោធា និងទាហានអ៊ីរ៉ង់មួយចំនួនធំ ហើយត្រូវបានរារាំងតាមរយៈការចាប់ខ្លួនពួកគេរាប់រយនាក់នៅថ្ងៃទី០៩ និងទី១០ ខែកក្កដា ឆ្នាំ១៩៨០ នៅជិតខេត្ត Hamedan ភាគខាងលិចប្រទេស។

មជ្ឈមណ្ឌលឯកសារបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បានបង្ហាញក្នុងឆ្នាំ២០១៧ ថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការ និងធ្វើរដ្ឋប្រហារ ដោយផ្តល់ “ជំនួយហិរញ្ញវត្ថុ” សម្រាប់អ្នករៀបចំផែនការធ្វើរដ្ឋប្រហារ និងមធ្យោបាយផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top