ព័ត៌មានអន្តរជាតិ

ពលរដ្ឋហ្វូគូស៊ីម៉ា រិះគន់រដ្ឋាភិបាលជប៉ុន ដែលក្បត់សន្យាថា មិនបញ្ចេញទឹកវិទ្យុសកម្មចូលសមុទ្រ

រូបភាពពី៖​ KYODO

តូក្យូ៖ លោក Haruo Ono អ្នកនេសាទនៅក្នុងទីក្រុងស៊ិនឈិ ក្នុងខេត្តហ្វូគូស៊ីម៉ា របស់ប្រទេសជប៉ុន បាននេសាទនៅក្នុងសមុទ្រអស់រយៈពេល ៥៦ឆ្នាំចាប់តាំងពីលោកមានអាយុ ១៥ឆ្នាំ ដោយលោកបានរិះគន់រដ្ឋាភិបាលជប៉ុន ដែលក្បត់សន្យាថា មិនបញ្ចេញទឹកវិទ្យុសកម្មចូលសមុទ្រ។

ទីក្រុងស៊ិនឈិ មានទីតាំងនៅភាគខាងកើត នៃខេត្តហ្វូគូស៊ីម៉ា ទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកនៅទីនេះជាកន្លែងដែលចរន្ត Kuroshio ក្តៅប៉ះនឹងចរន្តទឹកត្រជាក់ Oyashio ដូច្នេះជាកន្លែងនេសាទធម្មជាតិគុណភាពខ្ពស់។ អាហារ​សមុទ្រ​របស់​វា​ធ្លាប់​ជា​ទី​ផ្សារ​លក់​ដុំ​ត្រី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ទីក្រុង​ធំៗ​ដូច​ជា​តូក្យូជាដើម។

ប៉ុន្តែបន្ទាប់ពីការរញ្ជួយដីកម្រិត ៩រិចទ័របានវាយប្រហារភាគឦសានប្រទេសជប៉ុន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលត្រូវបានគេស្គាល់ផងដែរនៅក្នុងប្រទេសថា ជាគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុន អ្នកលក់ដុំនៅផ្សារត្រី Tsukiji ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូ បានស្ទាក់ស្ទើរក្នុងការទិញផលិតផលត្រីពីហ្វូគូស៊ីម៉ា។ វាមិនទាន់ដល់ប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលតម្លៃអាហារសមុទ្រហ្វូគូស៊ីម៉ា ត្រឡប់ទៅកម្រិតមុនការរញ្ជួយដីវិញ។

ថ្វីបើមានការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិក៏ដោយ ក៏ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទជាច្រើនអំពីជីវភាពរស់នៅរបស់ពួកគេ។

អ្នកនេសាទអាយុ ៧១ឆ្នាំរូបនេះ បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា “សម្រាប់យើង ការចញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រ គឺជាបញ្ហានៃការរស់រានមានជីវិត” ។

លោកលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម បានទៅទស្សនាហ្វូកូស៊ីម៉ា ជាច្រើនដង ប៉ុន្តែពួកគេមិនបានជួបផ្ទាល់ជាមួយអ្នកនេសាទ ហើយក៏មិនបានសុំយោបល់ពីពួកគេដែរ។

អ្វី​ដែល​មិន​អាច​ទទួល​យក​បាន​ចំពោះ​អ្នក​នេសាទ​គឺ​រដ្ឋាភិបាល​មិន​បាន​រក្សា​ពាក្យ​សម្ដី​របស់​ខ្លួន។ លោកអះអាងថា អ្នក​នេសាទ​បាន​បញ្ចេញ​សំឡេង​ប្រឆាំង ប៉ុន្តែ​រដ្ឋាភិបាល នៅ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រញាប់​ប្រញាល់ ដែល​មិន​អាច​ទទួល​យក​បាន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top