បរទេស៖ រដ្ឋជាច្រើននៅអឺរ៉ុប បានស្នើសុំទិញដោយអនាមិក នូវយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់, នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ កាលពីដើមសប្តាហ៍នេះ អ៊ីរ៉ង់បានបង្ហាញយន្តហោះគ្មានមនុស្សបើកវាយប្រហារដែលផលិតក្នុងស្រុកចុងក្រោយបង្អស់របស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន Tasnim News ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍ទោ Reza Talaee Nik បាននិយាយថា ទីក្រុងតេអេរ៉ង់កំពុងធ្វើការសាកសួរពីអតិថិជនសក្តានុពលជាច្រើន។ ឧត្តមសេនីយ៍ Reza Talaee Nik បាននិយាយថា អ៊ីរ៉ង់មានឆន្ទៈក្នុងការនាំចេញយន្តហោះគ្មានមនុស្សបើករបស់ខ្លួន (UAVs) ប៉ុន្តែបន្ទាប់ពីបានវាយតម្លៃ “ការពិចារណាផ្នែកនយោបាយ និងសន្តិសុខ” សម្រាប់អ្នកទិញម្នាក់ៗ ហើយធានាថា យន្តហោះនេះនឹងមិនប្រើប្រាស់ដោយមិនត្រឹមត្រូវនោះទេ។
លោក Nik មិនបានបញ្ចេញឈ្មោះអ្នកទិញសក្តានុពលណាមួយនោះទេ ប៉ុន្តែបានកត់សម្គាល់ថា រដ្ឋលោកខាងលិច និងអឺរ៉ុបមួយចំនួន ស្ថិតក្នុងចំណោមអ្នកចង់ទិញទាំងនោះ។
សូមជម្រាបថា កម្មវិធីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឧស្សាហកម្មការពារជាតិអ៊ីរ៉ង់បានបង្ហាញ UAV ចុងក្រោយបំផុតរបស់ខ្លួន Mohajer-10 នៅឯការតាំងពិពណ៌ក្នុងទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអង្គារ៕ ប្រែសម្រួលៈ ណៃ តុលា