ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាក់ថា ការធ្វើតេស្តលើហ្សែនរកឃើញថា ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ពិតជាបានស្លាប់ដោយសារធ្លាក់យន្តហោះប្រាកដមែន

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានថា ការធ្វើតេស្តហ្សែនបានបញ្ជាក់ថា លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមមនុស្ស១០នាក់បានស្លាប់ពិតមែននៅក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃពុធ ។
គួរបញ្ជាក់ថា ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី ធ្លាប់បានចុះផ្សាយឈ្មោះមនុស្សទាំង១០នាក់ នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver ស្ថិតនៅភាគពាយព្យនៃទីក្រុងម៉ូស្គូ ។ អ្នកទាំងនោះរួមបញ្ចូលទាំង Prigozhin និង Dmitry Utkin ដែលជាដៃស្តាំរបស់គាត់ដែលបានជួយស្វែងរកក្រុម Wagner ។

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួននៅលើកម្មវិធីផ្ញើសារ Telegram ថា “ជាផ្នែកមួយនៃការស៊ើបអង្កេតពីការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យម៉ូលេគុល-ហ្សែនត្រូវបានបញ្ចប់” ។

គណៈកម្មាធិការបានឲ្យដឹងទៀតថា “យោងទៅតាមលទ្ធផលរបស់ពួកគេ អត្តសញ្ញាណអ្នកស្លាប់ទាំង១០នាក់ត្រូវបានបង្ហាញឡើង ។ ពួកគេត្រូវគ្នាទៅនឹងបញ្ជីដែលមានចែងក្នុងសន្លឹកយន្តហោះមែន” ។

មានការរំពឹងទុកមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គម Telegram ដែលគាំទ្រក្រុម Wagner អំពី ថាតើ លោក Prigozhin ដែលត្រូវបានគេស្គាល់ថា បានប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្សេងៗក្នុងការប្រមើលមើលការប៉ុនប៉ងដែលអាចកើតមានលើជីវិតរបស់គាត់ ហើយពិតជាបាននៅលើជើងហោះហើរដែលរងគ្រោះថ្នាក់នោះមែន ។

ក្រុមអាជ្ញាធរមិនទាន់បញ្ជាក់ពីអ្វីដែលគេជឿថា បណ្ដាលឱ្យយន្តហោះឯកជនរបស់គាត់ធ្លាក់ពីលើមេឃនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top