តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនបានថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គ្រោងនឹងបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេឆ្ពោះទៅរកការធ្វើឱ្យ ប្រសើរឡើងនូវសន្តិសុខស្បៀង ក្នុងករណីមានអាសន្ននៅក្នុង កិច្ចប្រជុំកំពូលពិសេសមួយក្នុងខែធ្នូ ដើម្បីរំលឹកដល់មិត្តភាព ៥០ឆ្នាំរបស់ពួកគេ។
យោងតាមប្រភពបានឱ្យដឹងថា កិច្ចប្រជុំនៅទីក្រុងតូក្យូ នឹងឃើញប្រទេសជប៉ុន ពង្រីកជំនួយដល់អាស៊ាន រួមទាំងការពង្រឹងវិធានការប្រឆាំងនឹង ការវាយប្រហារតាមអ៊ីនធឺណិត ការប្រែប្រួលអាកាសធាតុ ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើសន្តិសុខដែនសមុទ្រផងដែរ។
ប្រទេសជប៉ុន បាននិងកំពុងធ្វើការលើការ ពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ និងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួន កាន់តែស៊ីជម្រៅជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងរីកចម្រើន សកលលោកខាងត្បូង ក្នុងគោលបំណងប្រឆាំងនឹង ឥទ្ធិពលរបស់ប្រទេសចិន។
ប្រភពបានឲ្យដឹងថា នៅមុនកិច្ចប្រជុំកំពូលទីក្រុងតូក្យូ មេដឹកនាំជប៉ុន និងអាស៊ាន នឹងជួបប្រជុំគ្នានៅប្រទេសឥណ្ឌូនេស៊ីនៅខែក្រោយ ដែលជាកន្លែងដែលពួកគេនឹង ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ប្រទេសជប៉ុន គ្រោងនឹងពង្រីកការបណ្តុះបណ្តាល និងជំនួយបច្ចេកវិទ្យាដល់អាស៊ាន តាមរយៈកម្មវិធីទាំងសាធារណៈ និងឯកជន ក្នុងគោលបំណងរក្សា និងលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ អាហាររបស់ពួកគេ។ ភាគីទាំងពីរក៏នឹងសម្របសម្រួល លើការផលិតកសិផល និងផលិតផលសមុទ្រ ដែលមានតម្លៃបន្ថែមខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ ៕
ប្រែសម្រួល ឈូក បូរ៉ា