បរទេស៖ កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានទៅសួរសុខទុក្ខឪពុករបស់លោកស្រីជាលើកដំបូង ចាប់តាំងពីការចាប់ខ្លួនកាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមមន្ត្រីថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Police General បានដាក់បទបញ្ជាថា លោក ថាក់ស៊ីន អាចទទួលភ្ញៀវមិនលើសពី ១០នាក់នោះទេ នៅថ្ងៃច័ន្ទចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៣ រសៀល។
ក្នុងចំណោមមនុស្សដែលចូលជួបអតីតនាយករដ្ឋមន្ត្រីមានកូនបីនាក់របស់លោក និងមេធាវីបីនាក់។
នៅម៉ោងប្រហែល ២ រសៀល លោកស្រី ផែតងតាន ត្រូវបានគេប្រទះឃើញដើរចេញពីអគារ ហើយឆ្ពោះទៅកាន់រថយន្តរបស់លោកស្រី។ លោកស្រីបានបដិសេធមិនឆ្លើយសំណួរណាមួយដែលអ្នកយកព័ត៌មានចោទសូរនោះទេ
ទន្ទឹមនឹងនោះ មេធាវីរបស់លោកថាក់ស៊ីន លោក Vinyat Chatmontri បានប្រាប់អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីកំពុងស្ថិតក្រោមការមើលថែទាំសុខភាពយ៉ាងដិតដល់ ហើយថា ស្ថានភាពរបស់លោកនៅតែមានការព្រួយបារម្ភ។ លោកក៏ហាក់ដូចជាស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរដោយនិយាយថា លោកស្រី ផែតងតាន នឹងប្រកាសព័ត៌មានលម្អិតទាំងអស់នៅថ្ងៃអង្គារ។
អ្នកប្រឆាំងជាច្រើនបានអះអាងថា លោកថាក់ស៊ីនកំពុងទទួលការព្យាបាលពិសេស បើទោះបីជាប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា