ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ជាអន្ដរជាតិ ដើម្បីបញ្ឈប់ការរំលោភបំពាន របស់អ៊ីស្រាអែល នៅតំបន់វេសបែង

រូបភាពពី៖​ XINHUA

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់វេសបែង ។

លោក Ishtaye បានធ្វើការអំពាវនាវនេះក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលស្តាំនិយមលោក Itamar Ben Gvir ​។

លោកបានលើកឡើងថា “ពិភពលោកមិនចាំបាច់ស្តាប់សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី Ben Gvir ដើម្បីឱ្យមានការជឿជាក់ និងអះអាងពីគំនិតប្រកាន់ពូជសាសន៍ ដែលបង្កើតគំនិត និងអាកប្បកិរិយារបស់អ្នក ដែលសព្វថ្ងៃកាន់អំណាចនៅក្នុងរដ្ឋកាន់កាប់នោះទេ”។

លោក Ben Gvir បានឲ្យដឹងកាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍ទូរទស្សន៍អ៊ីស្រាអែលថា សិទ្ធិរបស់ជនជាតិយូដា ក្នុងការធ្វើដំណើរលើផ្លូវរបស់តំបន់វេសបែង លើសពីប្រជាជនប៉ាឡេស្ទីន ដោយពណ៌នាប្រជាជនប៉ាឡេស្ទីនថាជា “អ្នកញុះញង់” ។

កិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានជាប់គាំងនៅចុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីជម្លោះលើការតាំងទីលំនៅរបស់អ៊ីស្រាអែល និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ប៉ាឡេស្ទីន ចង់បង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ នៅលើទឹកដី ដែលអ៊ីស្រាអែលកាន់កាប់ក្នុងឆ្នាំ១៩៦៧ រួមទាំងតំបន់វេសបែង និងហ្គាហ្សាស្រ្ទីព ដែលមានទីក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top