ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក នឹងជួបពិភាក្សាគ្នាជាថ្មី ជុំវិញរឿងជម្លោះពាណិជ្ជកម្ម

ប្រភព៖AFP

ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាជាថ្មី លើបញ្ហាពាណិជ្ជកម្ម ដ៏ចម្រូងចម្រាស ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ។

នៅក្នុងដំណើរទស្សនកិច្ច របស់លោកស្រី Raimondo ទៅកាន់ប្រទេសចិន គឺជាដំណើរចុងក្រោយ បង្អស់ របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូប ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលក្រុងវ៉ាស៊ីនតោន ព្យាយាមលុបបំបាត់ភាពតានតឹង ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ។

គួររំលឹកថា កាលពីថ្ងៃចន្ទ លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក Wang Wentao ដោយភាគីទាំង២ បានព្រមព្រៀងគ្នា ក្នុងការបង្កើតក្រុមការងារ មួយដើម្បីបំបាត់បញ្ជីនានានៃជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំង២ ។

ពួកគេក៏បានយល់ព្រមបង្កើតនូវអ្វីដែលក្រុង វ៉ាស៊ីនតោន ហៅថា “ការផ្លាស់ប្តូរព័ត៌មានស្តីពីការអនុវត្តការត្រួតពិនិត្យការនាំចេញ” ដែលពិពណ៌នាថា ជាវេទិកាមួយដើម្បី “កាត់បន្ថយការយល់ច្រឡំ អំពីគោលនយោបាយសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក” ។

រដ្ឋភិបាលក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា នេះគឺជាការផ្លាស់ប្តូរព័ត៌មាននឹងកោះប្រជុំជាលើកដំបូង នៅក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីកិច្ចពិភាក្សា ក្រសួង ពាណិជ្ជកម្មបានបានឲ្យដឹងថា “រដ្ឋមន្ត្រី Raimondo បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធានានូវបណ្តាញ ទំនាក់ទំនងបើកចំហររវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហើយបានចាត់វិធានការជាក់ស្តែង ដើម្បីសម្រេចបាននូវគោលដៅនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top