ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ កំពូលរបស់ជប៉ុនថា ជប៉ុនត្រូវការអាវុធ នុយក្លេអ៊ែរ របស់អាមេរិក ដើម្បីការពារខ្លួន

ប្រភព៖AFP

បរទេស ៖ ជប៉ុនត្រូវតែអភិវឌ្ឍ វិស័យសព្វាវុធក្នុងស្រុក ប្រសិនបើខ្លួនត្រូវផ្តល់សន្តិសុខផ្ទាល់ខ្លួន ។ ឧត្តមសេនីយកំពូលជប៉ុនម្នាក់ បាននិយាយ ដោយលើកហេតុផលថា ទីក្រុងតូក្យូបច្ចុប្បន្នពឹងផ្អែកលើអាវុធ នុយក្លេអ៊ែររបស់អាមេរិកសម្រាប់ “ការរារាំង” ប្រឆាំងនឹងគូប្រជែងក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Nikkei Asia សម្រាប់បទសម្ភាសន៍កាលពីថ្ងៃចន្ទ ឧត្តមសេនីយ Yoshihide Yoshida នាយសេនាធិការ ចម្រុះសម្រាប់កងកម្លាំង ស្វ័យការពាររបស់ជប៉ុន បានបញ្ជាក់អំពីតម្រូវការការពារជាតិរបស់ទីក្រុងតូក្យូ ដោយលើកឡើង ពីកិច្ចសហប្រតិបត្តិការយោធា ជិតស្និទ្ធរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

ឧត្តមសេនីយ៍ជប៉ុនរូបនេះ បាននិយាយថា “យើងមិនអាចរក្សាសន្តិសុខរបស់ប្រទេសជប៉ុនជាមួយនឹងសមត្ថភាព បច្ចុប្បន្នរបស់យើងបានទេ” ដោយបន្ថែមថា “ជាដំបូង យើងត្រូវពង្រឹងសមត្ថភាព ការពាររបស់យើងជាមូលដ្ឋាន ដើម្បីកុំឱ្យគេមើលស្រាល។ ទីពីរ យើងត្រូវធ្វើអ្វី ដែលយើងអាចធ្វើបាន ដើម្បីរក្សាការទប់ស្កាត់បន្ថែម រួមទាំងតាមរយៈយុទ្ធសាស្រ្តពាក់ព័ន្ធនឹង អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក»។

លោក Yoshida បានបន្តពន្យល់ថា ប្រទេសជប៉ុនបានចូលរួមក្នុង “កិច្ចពិភាក្សាស៊ីជម្រៅ” ជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយទសវត្សរ៍ លើ “ការពង្រីកឆ័ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកលើប្រទេសជប៉ុន ” ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងមួយត្រូវបាន សម្រេចកាលពីខែមិថុនា សម្រាប់ការចែករំលែកព័ត៌មានបន្ថែម និង ការបណ្តុះបណ្តាលរួមគ្នា និងការឆ្លើយតបមីស៊ីលរួម។

សូមជម្រាបថា ជប៉ុនជាប្រទេសតែមួយគត់ ក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេកំណត់គោល ដៅវាយប្រហារដោយអាវុធបរមាណូ ។ យន្តហោះទម្លាក់គ្រាប់បែក របស់កងទ័ពអាកាស របស់កងទ័ពអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ ដោយបានសម្លាប់មនុស្សរហូតដល់ ១២៦.០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ គ្រាប់បែកបរមាណូមួយទៀតត្រូវបានបំផ្ទុះលើទីក្រុង Nagasaki កាលពីថ្ងៃទី ៩ ខែសីហា ដោយបានសម្លាប់មនុស្សរហូតដល់ ៨០.០០០ នាក់ ដែលស្ទើរតែទាំងអស់សុទ្ធតែជាជនស៊ីវិល៕
 ប្រែសម្រួលៈ ណៃ តុលា 

To Top