ឡុងដ៌ ៖ អត្ថបទមតិមួយ ដែលត្រូវបានចេញផ្សាយ ដោយ The Guardian បានឲ្យដឹងថា រូបិយប័ណ្ណបំរុងដ៏មានថាមពលតែមួយ ស្ថិតក្នុងភាពចម្លែកជាមួយ នឹងពិភពពហុប៉ូល ហើយបញ្ហាប្រឈម ចំពោះប្រាក់ដុល្លារ នឹងមកដល់ ។
នៅពេលដែលការកើនឡើងបន្ថែមទៀតនៃអត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិក ហាក់ដូចជាអាចធ្វើទៅបាន អ្វីដែលធនាគារសហព័ន្ធ ធ្វើនៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ះពាល់ដល់ជីវិត លើសពីដែនដីអាមេរិក នេះបើតាមលោក Larry Elliott ដែលជាអ្នកកែសម្រួល សេដ្ឋកិច្ចរបស់កាសែត អង់គ្លេស បានកត់សម្គាល់នៅក្នុងអត្ថបទមួយ។
លោក Elliott បានលើកឡើងថា ទំនិញដូចជាប្រេងមានតម្លៃ ជាដុល្លារ ហើយប្រទេស ដែលខ្ចីប្រាក់ជាដុល្លារ អាចឃើញការសងបំណុល របស់ពួកគេកើនឡើង ប្រសិនបើរូបិយប័ណ្ណអាមេរិកឡើងថ្លៃ ។
លោកបានបន្ថែមថា “អនុត្តរភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក មិនមានប្រជាប្រិយភាពជាសកលនោះទេ។ កត្តាជំរុញមួយសម្រាប់ការបង្កើតប្រាក់អឺរ៉ូ គឺថារូបិយប័ណ្ណតែមួយរបស់អឺរ៉ុប នឹងក្លាយជារូបិយប័ណ្ណបម្រុងគូប្រជែងទៅនឹងប្រាក់ដុល្លារ” ។
លោក Elliott បានបន្ដថា រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក Janet Yellen បានសម្តែងការព្រួយបារម្ភ អំពីផលវិបាករយៈពេលវែង នៃការប្រើប្រាស់ទណ្ឌកម្មហិរញ្ញវត្ថុ ជាឧបករណ៍ នៃគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា