ព័ត៌មានអន្តរជាតិ

ក្រុមការងារអន្តរជាតិ ស្តីពីទណ្ឌកម្មរុស្ស៊ី៖ ចិន ជាអ្នកផ្គត់ផ្គង់ផ្នែកសំខាន់ច្រើនជាងគេ សម្រាប់យន្តហោះគ្មានមនុស្សបើករុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់ដ៏ធំ នៃសមាសធាតុសំខាន់ៗសម្រាប់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលប្រើប្រឆាំងនឹងអ៊ុយក្រែន , នេះបើតាមរបាយការណ៍របស់ក្រុមការងារអន្តរជាតិស្តីពីទណ្ឌកម្មរុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមនេះត្រូវបានដឹកនាំដោយ Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Michael McFaul, នាយកវិទ្យាស្ថាន Freeman-Spogli សម្រាប់ការសិក្សាអន្តរជាតិ។

រុស្សីពឹងផ្អែកខ្លាំងលើសមាសធាតុផលិតពីបរទេស ជាពិសេសមីក្រូអេឡិចត្រូនិចនៅក្នុងគំរូយន្តហោះគ្មានមនុស្សបើកចំនួនបីដែលប្រើដើម្បីវាយប្រហារអ៊ុយក្រែន។

យោងតាមការសិក្សានេះ គឺមាន ៦៧ភាគរយ នៃការដឹកជញ្ជូនគ្រឿងបន្លាស់ Drone មកពីប្រទេសចិន ខណៈដែល ១៧ភាគរយ​ នៃសមាសធាតុទាំងនោះដឹកឆ្លងកាត់ហុងកុងទៅកាន់ប្រទេសរុស្ស៊ី។ ប្រទេសតួកគី និងអេមីរ៉ាត់អារ៉ាប់រួមមាន ៥ភាគរយ។

សមាសធាតុផលិតនៅប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ស្វីស និងប្រទេសដទៃទៀត រួមទាំង អង្គដំណើរការទិន្នន័យ, ឈីប, ត្រង់ស៊ីស្ទ័រ និងសមាសធាតុសំខាន់ៗផ្សេងទៀត ក៏ត្រូវបានរកឃើញនៅក្នុងយន្តហោះគ្មានមនុស្សបើកផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top