ព័ត៌មានអន្តរជាតិ

កូនស្រីលោក ថាក់ស៊ីន ច្រានចោលពាក្យចចាមអារ៉ាមដែលថា គ្រួសារលោកស្រី គ្រោងបញ្ជូនលោកថាក់ស៊ីន ទៅមន្ទីរពេទ្យឯកជន

បរទេស៖ លោកស្រី ផែតងតាន កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃអង្គារបានបដិសេធចំពោះការផ្សាយដែលថា គ្រួសាររបស់លោកស្រីចង់ប្តូរថាក់ស៊ីនពីមន្ទីរពេទ្យ Police General ទៅមន្ទីរពេទ្យឯកជនមួយ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សភឿថៃ បន្ទាប់ពីលោកស្រីត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន នៅមន្ទីរពេទ្យ Police General កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ រួមជាមួយសមាជិកគ្រួសារផ្សេងទៀត។

លោកស្រី ផែតងតាន ដែលជាប្រធានគម្រោងគ្រួសារភឿថៃ បាននិយាយថា ការចុះផ្សាយមុននេះដែលថា គ្រួសាររបស់លោកស្រីកំពុងស្វែងរកការផ្ទេរលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យឯកជនមួយគឺមិនពិតនោះទេ។ លោកស្រីបញ្ជាក់ថា លោកស្រីបានចាត់ទុកគ្រូពេទ្យនៅមន្ទីរពេទ្យ Police General មានសមត្ថភាពមើលថែឪពុករបស់លោកស្រី។

យ៉ាងណាក៏ដោយ លោកស្រីបានបង្ហើបថា ស្ថានភាពរបស់លោក ថាក់ស៊ីន កាន់តែយ៉ាប់យ៉ឺននៅយប់ដំបូងបន្ទាប់ពីលោកបានត្រឡប់ទៅប្រទេសថៃ វិញនៅថ្ងៃទី ២២ ខែសីហា ហើយលោកអស់កម្លាំង ដូច្នេះលោកត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យពន្ធនាគារ Remand ក្រុងបាងកកទៅកាន់មន្ទីរពេទ្យ Police General ៕ ប្រែសម្រួលៈ ណៃ តុលា

To Top