បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Kathleen Hicks បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់អ៊ុយក្រែន ជាគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងអាវុធរយៈចម្ងាយឆ្ងាយដទៃទៀត ជាង ៣,១លានគ្រាប់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Hicks នៅក្នុងអំឡុងពេលសុន្ទរកថា នៅឯសន្និសីទសមាគមឧស្សាហកម្មការពារជាតិថា “ក្នុងរយៈពេល ១៨ ខែចាប់តាំងពីពេលនោះមក យើងបានបញ្ជូនអ៊ុយក្រែនជាង ៣,១ លានគ្រាប់ នូវគ្រាប់រ៉ុក្កែត គ្រាប់មីស៊ីល គ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំ ហើយនោះគ្រាន់តែជាប្រភេទគ្រាប់ចំនួន ៤ ប៉ុណ្ណោះ” ។
លោក Hicks បាននិយាយថា សហរដ្ឋអាមេរិក ក៏បានសហការជាមួយវិស័យឯកជនដើម្បីជួយអ៊ុយក្រែន ទទួលបានបច្ចេកវិទ្យាពាណិជ្ជកម្មដែលជួយពួកគេនៅលើសមរភូមិ។
លោក Hicks បានបន្ថែមថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាសរុបជាង ៤៣ ពាន់លានដុល្លារ៕ ប្រែសម្រួលៈ ណៃ តុលា