ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មានមនុស្សចំនួន៤នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានព្យុះភ្លៀងបានវាយប្រហារមកលើតំបន់ភាគនិរតី នៃប្រទេសចិន កាលពីសប្តាហ៍មុន ។
ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារតំបន់ Jinyang ដែលជាតំបន់ភ្នំក្នុងខេត្ត ស៊ីឈួន កាលពីថ្ងៃទី២១ ខែសីហា ប៉ុន្តែទំហំនៃការខូចខាតមិនត្រូវបានរាយការណ៍ភ្លាមៗបានឡើយ ។
បើតាមគេដឹងគឺជាងមួយសប្តាហ៍ ក្រោយពីមានភ្លៀងធ្លាក់ ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយនៅថ្ងៃពុធនេះថា ខ្យល់ព្យុះបានបង្កជាគ្រោះទឹកជំនន់ដែលបានវាយប្រហារមកលើទីតាំងកែច្នៃដែក ដែលមានមនុស្សជាង២០០នាក់កំពុងធ្វើការ ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា “នៅគ្រានេះដែរ ទឹកជំនន់បានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និង៤៨នាក់បាត់ខ្លួន ហើយក្រុមការងារជួយសង្គ្រោះកំពុងបន្ត” ។
ទូរទស្សន៍ខាងលើបានផ្សព្វផ្សាយឲ្យដឹងទៀតថា មនុស្ស៥នាក់ត្រូវបានឃុំខ្លួនដោយសង្ស័យថា “មិនបានរាយការណ៍ ឬរាយការណ៍មិនពិតអំពីឧប្បត្តិហេតុ នៃសុវត្ថិភាព” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា