ព័ត៌មានអន្តរជាតិ

សាកសពលោក Prigozhin ត្រូវបានបញ្ចុះជាលក្ខណៈឯកជននៅ St. Petersburg ក្រោយធ្លាក់ចុះយន្ដហោះដោយគ្មានមូលហេតុ

រូបភាពពី៖​ AFP

ម៉ូស្គូ៖ សាកសពលោក Yevgeny Prigozhin ប្រធានក្រុមយោធា Wagner ដែលបានជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីពេលថ្មីៗនេះ ត្រូវបានគេបញ្ចុះជាលក្ខណៈឯកជនកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងកំណើតរបស់លោក St. Petersburg ប្រទេសរុស្ស៊ី។

សេវាសារព័ត៌មានរបស់លោក Prigozhin បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញ Telegram ថា ពិធីបញ្ចុះសពធ្វើឡើងក្នុងទម្រង់បិទជិត ហើយអ្នកដែលមានបំណងចង់គោរពលោក អាចទៅទស្សនាទីបញ្ចុះសពនៅ St. Petersburg ។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ដែលដកស្រង់ប្រភពបានរាយការណ៍ថា ស្របតាមការចង់បានរបស់គ្រួសារលោក Prigozhin មានតែសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់លោកប៉ុណ្ណោះដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យសព។

យន្តហោះឯកជនរុស្ស៊ីមួយគ្រឿង បានធ្លាក់កាលពីថ្ងៃទី២៣ ខែសីហា នៅតំបន់ Tver នៃប្រទេសរុស្ស៊ី ដែលកំពុងធ្វើដំណើរពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង St. Petersburg ដោយបានសម្លាប់អ្នកដំណើរ និងសមាជិកនាវិកទាំងអស់នៅលើយន្តហោះ។ លោក Prigozhin និងសមាជិកជាន់ខ្ពស់មួយចំនួនរបស់ Wagner ស្ថិតក្នុងចំណោមជនរងគ្រោះ​ មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​៕ ប្រែសម្រួល ឈូក បូរ៉ា

To Top