តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុងតូក្យូ បានទាមទារ ថា ប្រទេសចិន ត្រូវធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន ខណៈដែលខ្លួនបានរាយការណ៍ថា ឥដ្ឋមួយដុំត្រូវបានគេគប់នៅឯស្ថានទូតរបស់ខ្លួនក្នុងទីក្រុងប៉េកាំង នៅក្នុងជម្លោះកើនឡើងជុំវិញការបង្ហូរទឹកចេញពីរោងចក្រ Fukushima ។
គួររំលឹកថា កាលពីសប្តាហ៍មុន ប្រទេសចិន បានហាមប្រាមការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងរបស់ខ្លួន ខណៈដែលប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកកាកសំណល់ដែលត្រូវបានចម្រាញ់ចេញពីរោងចក្រ ដែលធ្លាប់រងការខូចខាត នៅក្នុងប្រតិបត្តិការមួយដែលអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិបានប្រកាសថា មានសុវត្ថិភាព ។
គិតចាប់តាំងពីពេលនោះមក ប្រទេសជប៉ុន បានជំរុញឱ្យពលរដ្ឋរាប់ម៉ឺននាក់របស់ខ្លួននៅក្នុងប្រទេសចិន រក្សា និងបានបង្កើនសន្តិសុខជុំវិញសាលារៀន និងបេសកកម្មការទូត ផងដែរ ។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ពីរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយថា ឥដ្ឋត្រូវបានគេគ្រវែងចោលក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន ហើយបានបន្ទរការអំពាវនាវពីនាយករដ្ឋមន្ត្រី Fumio Kishida ឱ្យប្រទេសចិន ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់វិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា