ព័ត៌មានអន្តរជាតិ

​​ជប៉ុន ​ប្តេជ្ញា​បន្ត​គាំទ្រ​អ៊ុយក្រែន ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

រូបភាពពី៖​ KYODO

តូក្យូ៖ នាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្តគាំទ្រប្រទេសអឺរ៉ុប ដែលបានធ្វើសង្រ្គាមជាមួយរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

បន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរបស់លោកថា លោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈពេលដែលថ្កោលទោសការឈ្លានពានដ៏យូររបស់រុស្ស៊ីប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន។

ការសន្ទនាតាមទូរស័ព្ទបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកក្នុងខែកក្កដា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី ដែលមិនបានសម្រេចដោយសារការពិភាក្សាបន្ថែម។ នៅ​ពេល​នោះ មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ចាត់​ចែង​ការ​ដោះ​ដូរ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។

ការពិភាក្សារបស់ពួកគេធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ នៅក្នុងប្រទេសឥណ្ឌា នៅខែក្រោយ ដែល លោក គីស៊ីដា គ្រោងនឹងបញ្ជាក់ពីសារៈសំខាន់នៃជំនួយ សម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី ជាមួយមេដឹកនាំផ្សេងទៀត ហើយរុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​នេះដែរ។

ក្នុងអំឡុងកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង៧ ក្នុងខែឧសភានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក គីស៊ីដា បានប្រាប់ លោក ហ្សេឡិនស្គីថា ប្រទេសជប៉ុននឹងផ្គត់ផ្គង់រថយន្តប្រហែល ១០០ គ្រឿងពីកងកម្លាំងស្វ័យការពាររបស់ខ្លួន រួមទាំងរថយន្តដឹកទំនិញធុនតូច និងនាវាផ្ទុកសម្ភារៈដល់អ៊ុយក្រែន ជាផ្នែកនៃជំនួយរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top