បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រែថា ថាវីស៊ីន បាននិយាយថា លោករំពឹងថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងប្រកាសកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនី ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។
យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលជិតផុតអាណត្តិគឺលោក Supattanapong Punmeechaow និងលោក ML Chayotid Kridakon ប្រធានក្រុមសេដ្ឋកិច្ចរបស់គណបក្ស United Nation Party (UTNP)។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការបក្សភឿថៃនៅម៉ោង១១ព្រឹក។
ចេញពីកិច្ចប្រជុំនៅម៉ោង ១២ និង៥០នាទី ថ្ងៃត្រង់ លោក ស្រែថា បាននិយាយថា លោកបានពិភាក្សាបញ្ហាជាច្រើន រួមទាំងតម្លៃថាមពល និងប្រេងឥន្ធនៈជាមួយលោក Supattanapong ។
លោកបានបន្ថែមថា រដ្ឋមន្ត្រីដែលចាកចេញបានប្រគល់ការងារដែលមិនទាន់បានបញ្ចប់ជាច្រើនសម្រាប់រដ្ឋាភិបាលថ្មីដើម្បីបញ្ចប់ ហើយពីរក្នុងចំណោមបញ្ហាទាំងនោះដែលកំពុងស្វែងរកជំហាន គឺចាំបាច់ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី និងប្រេងម៉ាស៊ូត។
លោក ស្រែថា បាននិយាយថា “យើងនឹងប្រកាសពីការកាត់បន្ថយតម្លៃនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង”។
នៅពេលសួរថាតើការកាត់បន្ថយទាំងនេះនឹងត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដែរឬទេនោះ លោក ស្រែថា ឆ្លើយតបថា «បន្ទាប់មក យើងនឹងប្រកាសភ្លាមៗ»។
ទោះយ៉ាងណា លោកថា លោកត្រូវការពេលវេលាខ្លះដើម្បីសិក្សាពីជំហាននៃការកាត់បន្ថយតម្លៃមុនពេលគណៈរដ្ឋមន្ត្រីរបស់លោកជួបជាលើកដំបូង។
នាយករដ្ឋមន្ត្រីថ្មីបាននិយាយថា លោកបានធ្វើការមិនឈប់ឈរក្នុងអំឡុងពេលអន្តរកាល ខណៈលោកមានបញ្ហាជាច្រើនទៀតដែលត្រូវពិចារណា៕ ប្រែសម្រួលៈ ណៃ តុលា