ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង បានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ដែលព្យាយាមវាយប្រហារវត្ថុនានានៅលើទឹកដីរុស្ស៊ី។
ប្រភពបានឲ្យដឹងថា “ការប៉ុនប៉ងរបស់របបទីក្រុងគៀវ ក្នុងការវាយប្រហារភេរវករដោយយន្តហោះប្រភេទ UAV លើវត្ថុនានាក្នុងប្រទេសរុស្ស៊ី ត្រូវបានរារាំង។ យានយន្តហោះដ្រូនមួយគ្រឿង ត្រូវបានបំផ្លាញដោយយន្តហោះអាកាសចរណ៍ជើងទឹកនៅលើសមុទ្រខ្មៅ”។
ជាមួយនឹងការវាយលុករបស់អ៊ុយក្រែនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញថាមិនបានជោគជ័យ របបទីក្រុងគៀវ កាន់តែប្រើយុទ្ធសាស្ត្រភេរវករ នៃការបំភិតបំភ័យប្រជាជន ដោយវាយលុកទីក្រុងសន្តិភាពដោយគ្មានគោលបំណងផ្សេងក្រៅពីការសម្លាប់ជនស៊ីវិល និងបំផ្លាញជីវិតប្រជាជនស្លូតត្រង់។
របបភេរវករនៃទីក្រុងគៀវ បានធ្វើការវាយប្រហារពីរលើកលើស្ពានគ្រីមៀ ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងស្រុង ដោយបានសម្លាប់មនុស្សសរុបចំនួន ៥នាក់ និងរបួសកុមារម្នាក់។ ជាងនេះទៅទៀត មន្ត្រីអ៊ុយក្រែនមួយចំនួនបានសារភាពថា ក្រុងគៀវជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ៕ ប្រែសម្រួល ឈូក បូរ៉ា