រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធម្សិលមិញនេះ មានមនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយអាវុធធុនធ្ងន់ នៅរដ្ឋ Shan ស្ថិតនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ។
ក្រុមព័ត៌មានរបស់ក្រុមប្រឹក្សា បានឲ្យដឹងថា ការវាយប្រហារដោយគ្រឿងផ្ទុះ ដែលធ្វើឡើងដោយកងទ័ពរំដោះជាតិតាអុង ហៅកាត់ថា (TNLA) បានវាយប្រហារមកលើភូមិ Nantphatkar នៃទីប្រជុំជន Kutkai ស្ថិតនៅភាគខាងជើងរដ្ឋ Shan នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាបានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីអាយុ១៦ ឆ្នាំ ហើយអ្នករងរបួសមានប្រុស៣នាក់ និងស្រី១នាក់ផងដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា អ្នករងរបួសត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យព្យាបាលជំងឺទូទៅ Kutkai និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា ដើម្បីព្យាបាលរបួស ។
គេបានឃើញមន្ត្រីសន្តិសុខ បានចាត់វិធានការចាំបាច់ដើម្បីពង្រឹងសន្តិសុខ និងការគ្រប់គ្រងទឹកដីនៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា