ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន ស្នើសុំបន្ថែមប្រាក់ ៤ ពាន់លានដុល្លារអាមេរិក សម្រាប់ការសង្គ្រោះ គ្រោះមហន្តរាយ​

រូបភាព៖ Xinhua

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ​បានស្នើសុំសភាសម្រាប់បន្ថែម ៤ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកនៃសំណើផ្តល់មូលនិធិបន្ថែមរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

នៅដើមខែសីហា សេតវិមានដំបូងបានស្នើសុំថវិកាចំនួន ១២ ពាន់លានដុល្លារ សម្រាប់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ (FEMA) មូលនិធិសង្គ្រោះគ្រោះមហន្តរាយ ដែលជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការប៉ាន់ប្រមាណពីការិយាល័យគ្រប់គ្រង និងថវិកាកាលពីថ្ងៃព្រហស្បតិ៍ អគ្គីភ័យនៅរដ្ឋហាវ៉ៃ និងរដ្ឋ Louisiana ទឹកជំនន់នៅ Vermont ក៏ដូចជាព្យុះកំបុតត្បូង Idalia ក្នុងរដ្ឋផ្លរីដា និងរដ្ឋភាគអាគ្នេយ៍ផ្សេងទៀតមានន័យថា ត្រូវការថវិកាសរុបចំនួន ១៦ពាន់លានដុល្លារ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់ការិយាល័យរបស់ FEMA ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានជំរុញឱ្យសភាចាត់វិធានការរហ័ស ដើម្បីអនុម័តការផ្តល់មូលនិធិជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។

លោក បៃដិន ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋផ្លរីដា នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយធំ សម្រាប់រដ្ឋបានលើកឡើងថា “យើងត្រូវការសំណើជំនួយសង្គ្រោះគ្រោះមហន្តរាយនេះ ហើយយើងត្រូវការវានៅក្នុងខែកញ្ញា យើងមិនអាចរង់ចាំបានទេ” ។

លោក ​ បានលើកឡើងថា លោកមិនអាចយល់បានទេថា ហេតុអ្វីបានជាសមាជិកសភាមួយចំនួនជឿថាប្រាក់នេះមិនចាំបាច់សូម្បីតែបន្ទាប់ពីព្យុះកំបុតត្បូង Idalia និងភ្លើងឆេះព្រៃនៅ Maui ។

ឆ្នាំ២០២៣ បានបង្កើតកំណត់ត្រា សម្រាប់គ្រោះមហន្តរាយអាកាសធាតុ ដែលមានតម្លៃរាប់ពាន់លានដុល្លាររហូតមកដល់បច្ចុប្បន្ន ប៉ុន្តែ FEMA ត្រូវដាក់កម្រិតលើការចំណាយគ្រោះមហន្តរាយរបស់ខ្លួន សម្រាប់ “កិច្ចខិតខំប្រឹងប្រែងឆ្លើយតបដ៏សំខាន់” ដោយសារតែមូលនិធិទាប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top