សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង នៅថ្ងៃសៅរ៍នេះ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ការបាញ់មីស៊ីលបានចាប់ផ្តើមនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ដោយបន្ថែមថា “ខណៈពេលដែលពង្រឹងការត្រួតពិនិត្យ និងការប្រុងប្រយ័ត្ន យោធារបស់យើងកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” ។
កូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងចំនួនពីរគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង។
យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ សម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Shield ជាមួយកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២១ ខែសីហា រហូតដល់ចុងខែនេះ។
កូរ៉េខាងជើង ក៏បានធ្វើការប៉ុនប៉ងលើកទីពីរ ដែលមិនបានសម្រេចក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាកាលពីសប្តាហ៍មុន ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់ទីក្រុងព្យុងយ៉ាង ពីការបាញ់បង្ហោះដែលប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង៕
ប្រែសម្រួល ឈូក បូរ៉ា