បរទេស៖ នាយករដ្ឋមន្ត្រីថ្មីលោក Srettha Thavisin, រដ្ឋមន្ត្រីការពារជាតិលោក Sutin Klungsang និងរដ្ឋមន្ត្រីការបរទេស លោក Parpree Bahiddha-Nukara កាលពីថ្ងៃអាទិត្យបានទទួលទានអាហារថ្ងៃត្រង់ ជាមួយមេដឹកនាំយោធាដែលទើបតែងតាំង ដើម្បីពិភាក្សាអំពីកិច្ចការយោធា និងសន្តិសុខ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួបនេះមានគោលបំណងធានា ឱ្យមានការសម្របសម្រួលដោយរលូនរវាងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ និងកងកម្លាំងប្រដាប់អាវុធ ខណៈដែលរដ្ឋាភិបាលរៀបចំសេចក្តីថ្លែងការណ៍ គោលនយោបាយដែលត្រូវបញ្ជូននៅចំពោះមុខសភា។
ឧត្តមសេនីយ Songwit Noonpakdi ដែលជាប្រធានកងកម្លាំងការពារជាតិថៃទើបតែងតាំង, មេទ័ពជើងគោក ឧត្តមសេនីយ Charoenchai Hinto និងមេទ័ពជើងទឹក លោក Adung Phan-iam ដែលនឹងចូលកាន់តំណែងកំពូលនៅថ្ងៃទី ១ ខែតុលា បានជួបជុំពិសាអាហារថ្ងៃត្រង់រួមគ្នា។ ចំណែកមេបញ្ជាការទ័ពអាកាស លោក Panpakdee Pattanakul មិនបានចូលរួមទេព្រោះលោកស្ថិតនៅក្រៅប្រទេស។
កិច្ចជំនួបនេះត្រូវបានគេនិយាយថាគ្របដណ្តប់តែលើក្របខណ្ឌគោលនយោបាយ ដោយមិនបានចូលទៅក្នុងសេចក្តីលម្អិត។ លោក ស្រែថា នាយករដ្ឋមន្រ្តីនៅមុននេះ បានជួបជាមួយទាហានកំពូលៗ ហើយបានប្រាប់ពួកគេថា រដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគម្រោងទិញអាវុធ ប្រសិនបើក្រុមមេទ័ពទាំងនោះចាត់ទុកថាចាំបាច់សម្រាប់សន្តិសុខជាតិ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Sutin រដ្ឋមន្រ្តីការពារជាតិ បាននិយាយថា បណ្តាមេទ័ពដែលចូលមកបានសម្តែងនូវឆន្ទៈក្នុងការអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល រួមទាំងការស្នើរសុំប្តូរពីការចុះឈ្មោះបោះឆ្នោត ទៅជាការចុះឈ្មោះស្ម័គ្រចិត្ត និងការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធ៕ ប្រែសម្រួលៈ ណៃ តុលា