ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងផ្តល់ប្រាក់បន្ថែមជាង ១៤០ ​លានដុល្លារ ដល់ឧស្សាហកម្មនេសាទ ចំពេលមានការហាមឃាត់ការនាំចូលពីប្រទេសចិន

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុននឹងបែងចែកថវិកាចំនួន២០,៧ពាន់លានយ៉េន (១៤១,៤លានដុល្លារ) ជាកញ្ចប់ជំនួយសង្គ្រោះបន្ថែម សម្រាប់ឧស្សាហកម្មនេសាទ ចំពេលមានការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសចិនបន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។

វិធានការគាំទ្រនឹងរួមបញ្ចូលនូវជំហាន ដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក ធានានូវការផលិតអាហារសមុទ្រប្រកបដោយនិរន្តរភាព កាត់បន្ថយការខូចខាតកេរ្តិ៍ឈ្មោះ និងធានានូវការអភិវឌ្ឍន៍យុទ្ធសាស្រ្តក្នុងការស្វែងរកទីផ្សារក្រៅប្រទេសថ្មី ព្រមទាំងធ្វើឱ្យប្រាកដថា មានការផ្តល់សំណងគ្រប់គ្រាន់ ឆាប់រហ័ស និងហ្មត់ចត់។

រដ្ឋបាលលោក គីស៊ីដា នឹងផ្តល់ប្រាក់សរុបចំនួន ១០០,៧ ពាន់លានយ៉េនដល់ឧស្សាហកម្មនេសាទ ខណៈដែលខ្លួនបានបង្កើតមូលនិធិពីរដាច់ដោយឡែករួចហើយ ដែលមួយមានទឹកប្រាក់ ៣០ពាន់លានយ៉េន និង ៥០ ពាន់លានយ៉េនផ្សេងទៀត ដើម្បីជួយអ្នកនេសាទក្នុងការរក្សាអាជីវកម្មរបស់ពួកគេ។

រដ្ឋាភិបាលបានសន្យាថា នឹងជួយឧស្សាហកម្មក្នុងការធ្វើពិពិធកម្មបណ្តាញនាំចេញអាហារសមុទ្ររបស់ខ្លួន ដើម្បីកុំឱ្យវាអាស្រ័យលើការបង្កើតការលក់នៅក្នុង “ប្រទេសជាក់លាក់” ហើយដូច្នេះពឹងផ្អែកខ្លាំងលើប្រទេសចិន ខណៈពេលដែលក៏អំពាវនាវឱ្យទីក្រុងប៉េកាំង ចូលរួមក្នុងការពិភាក្សាដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្តអំពី ផលប៉ះពាល់បរិស្ថាននៃការបញ្ចេញទឹក។

លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរបស់លោក ថា លោក នឹង “ការពារឧស្សាហកម្មនេសាទ” ដោយបន្ថែមថា រដ្ឋាភិបាលរបស់លោក និងក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. ដែលជាប្រតិបត្តិកររោងចក្រហ្វូគូស៊ីម៉ាយ៉ាងរឹងមាំ នឹងបំពេញការទទួលខុសត្រូវរៀងៗខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top