ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង អាចនឹងធ្វើដំណើរ តាមរថភ្លើងពាសដែក ទៅប្រទេសរុស្ស៊ី

ប្រភព៖ AFP

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ហើយនឹងជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងខែនេះ, នេះបើតាមកាសែត New York Times និង Associated Press បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងសម្ព័ន្ធមិត្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាម NYT លោក គីម ជុងអ៊ុន មានបំណងធ្វើដំណើរ ទៅកាន់ទីក្រុង Vladivostok ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី “ ប្រហែលតាមរថភ្លើងពាសដែក” ជាកន្លែងដែលមេដឹកនាំទាំងពីរ នឹងចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា ប្រចាំឆ្នាំ (EEF) ដែលគ្រោងធ្វើនៅថ្ងៃទី១០-១៣ ខែកញ្ញា ដោយបន្ថែមថា លោក គីម គ្រោងនឹងទៅទស្សនាមូលដ្ឋាន ទ័ពជើងទឹករុស្ស៊ី។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានធ្វើអត្ថាធិប្បាយលើបញ្ហាជំនួបនេះទេ។

លោក គីម ដែលកម្រនឹងចាកចេញពីប្រទេស ហើយភាគច្រើនធ្វើដំណើរតាមរថភ្លើងនោះ បានជួបលោកពូទីន ចុងក្រោយនៅទីក្រុង Vladivostok ក្នុងឆ្នាំ ២០១៩។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងខែកក្កដា ជាកន្លែងដែលលោក និងលោក គីម ជុងអ៊ុន បានចូលរួមពិធីព្យុហយាត្រាយោធា ដែលប្រារព្ធខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។ ក្រោយមក លោក Shoigu បាននិយាយថា ទីក្រុងមូស្គូបានបើកចំហចំពោះការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងជើង។ លោក Shoigu ក៏បានបញ្ជូន “សារផ្ទាល់ខ្លួន” ពីពូទីនទៅកាន់លោក គីម ផងដែរ នេះបើយោងតាមវិមានក្រឹមឡាំង៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top