ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្លាប់ទាហានជាង ៦៦.០០០នាក់ និងបាត់បង់សព្វាវុធជាច្រើន ក្នុងរយៈពេល៣ខែមកនេះ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេល៣ខែ នៃការវាយលុកនៅរដូវក្តៅរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែមិនបានសំរេចគោលដៅរបស់ខ្លួននៅផ្នែកណាមួយ នៃសមរភូមិជួរមុខនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី ដែលបានប៉ាន់ប្រមាណនៅថ្ងៃអង្គារថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់ទាហានជាង ៦៦.០០០ នាក់ និងអាវុធធុនធ្ងន់ជាង ៧.៦០០ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេកាលពីដើមខែមិថុនាមក។

លោក Shoigu ក៏បានអះអាងដែរថា ទោះបីជាមានខាតបង់ “ដ៏ធំ” ទាំងកម្លាំងទាហាន និងសម្ភារៈសឹកក៏ដោយ ក៏រដ្ឋាភិបាលអ៊ុយក្រែននៅតែបន្តប្រតិបត្តិការរបស់ខ្លួន ព្រោះអ៊ុយក្រែនត្រូវការយ៉ាងខ្លាំងដើម្បីបង្ហាញពីភាពជោគជ័យមួយចំនួន ទៅកាន់អ្នកឧបត្ថម្ភលោកខាងលិច របស់ខ្លួន ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះបាននិយាយថា ស្ថានភាពតានតឹងបំផុតនៅតែស្ថិតក្នុងតំបន់ Zaporozhye ជាកន្លែងដែលទីក្រុងគៀវ បានដាក់ពង្រាយកងពលតូចយកពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ដែលត្រូវបានបណ្តុះបណ្តាលដោយជំនួយពីគ្រូបស្ចិមប្រទេស។

បន្ថែមលើសពីនេះ លោកក៏បានធ្វើបច្ចុប្បន្នភាពចុងក្រោយគឺនៅចុងខែកក្កដា ហើយដែលបានធ្វើឱ្យអ៊ុយក្រែន បាត់បង់កងទ័ពប្រហែល ២០.៨០០នាក់ និងអាវុធ ២.២០០៕ ប្រែសម្រួលៈ ណៃ តុលា

To Top