បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អតីតប្រធានគយប្រចាំតំបន់របស់រុស្ស៊ី លោក Yury Afanasievsky និងកូនប្រុស បានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាត ដោយសេវាសន្តិសុខអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Afanasievsky ដែលពីមុនជាប្រធានសេវាគយនៅសាធារណរដ្ឋប្រជាមានិត Lugansk ត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃអង្គារថា ជាគោលដៅដែលបានគ្រោងទុកនៃផែនការពាក់ព័ន្ធនឹងឧបករណ៍បំផ្ទុះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី មិនបានកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធនោះទេ ប៉ុន្តែបានរាយការណ៍ព័ត៌មានលម្អិតស្រដៀងគ្នាទៅនឹងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងទីតាំងអតីតរបស់ជនរងគ្រោះម្នាក់ និងស្ថានភាពនៃឧប្បត្តិហេតុ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការវាយប្រហារបានកើតឡើងកាលពីថ្ងៃអាទិត្យមុន ហើយជនសង្ស័យស្រីម្នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះមក។
សេចក្តីថ្លែងការណ៍បានអះអាងថា ជនសង្ស័យជាអ្នកស្រុក Lugansk បានឲ្យជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ នូវទូរស័ព្ទដៃដែលមានផ្ទុកសារធាតុផ្ទុះនៅខាងក្នុង។ ឧបករណ៍នេះបានបំផ្ទុះបន្ទាប់ពីទូរស័ព្ទត្រូវបានបើក ដោយរាយការណ៍ថា បានបណ្ហាលឱ្យរបួស លោក Afanasievsky និងកូនប្រុសរបស់គាត់។ គណៈកម្មាធិការបានបន្ថែមថា ជនរងគ្រោះទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែមិនរងគ្រោះដល់ជីវិតនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា