ព័ត៌មានអន្តរជាតិ

អ្នកជំនាញផ្នែកច្បាប់ កំពុងដាក់សម្ពាធទៅលើនាយកដ្ឋានកែប្រែ តើថា លោក ថាក់ស៊ីន ពិតជាឈឺធ្ងន់ឬយ៉ាងណា?

បរទេស៖ អ្នកជំនាញផ្នែកច្បាប់កំពុងដាក់សម្ពាធទៅលើនាយកដ្ឋានកែប្រែរបស់ប្រទេសថៃ ដើម្បីឱ្យនាយកដ្ឋាននេះឆ្លើយតបនឹងសំណួរថា តើអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាឈឺធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Police General ដូចដែលបានអះអាង ឬយ៉ាងណា។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំនួយការសាស្ត្រាចារ្យ ព្រីនយ៉ា ថាវ៉ាន់ណារម្យមិត្តគុល សាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់នៃសកលវិទ្យាល័យ ថាម៉ាសាត់ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សភាគច្រើនកំពុងតែងឿងឆ្ងល់ថាតើលោកថាក់ស៊ីន នឹងអាចបន្តនៅក្នុងមន្ទីរពេទ្យរហូតដល់ការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំរបស់គាត់ត្រូវបានបញ្ចប់ ឬយ៉ាងណា។

លោកថា ចម្លើយគឺពិតជាមានតម្រុយនៅក្នុងបទប្បញ្ញត្តិរបស់ក្រសួងយុត្តិធម៌ថ្មីៗនេះទាក់ទងនឹងការឃុំខ្លួនអ្នកទោសដែលមានជំងឺ ដែលត្រូវការព្យាបាលនៅក្រៅកន្លែងព្យាបាលរបស់មន្ទីរឃុំឃាំង។

ជំនួយការសាស្រ្តាចារ្យ បាននិយាយថា បទប្បញ្ញត្តិនៅក្នុងសំណួរត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២០ ដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សុំសក្តិ តែស៊ូទីន ដែលឥឡូវនេះបានឡើងជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សភឿថៃ។

លោកបន្តថា តាមបទប្បញ្ញត្តិនេះ អ្នកទោសណាដែលមានជំងឺ និងត្រូវការព្យាបាលនៅក្រៅពន្ធនាគារអាចធ្វើទៅបានប្រសិនបើមានការយល់ព្រមពីប្រធានពន្ធនាគារ។ ការព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនក៏ត្រូវបានអនុញ្ញាតផងដែរ ប្រសិនបើចាត់ទុកថាចាំបាច់។

លោកបានបន្តថា ប្រសិនបើការព្យាបាលបែបនេះតម្រូវឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យក្រៅពន្ធនាគារលើសពី ៣០ ថ្ងៃ នោះត្រូវតែមានការយល់ព្រមពីអគ្គនាយកនៃនាយកដ្ឋាន ដោយផ្អែកលើមតិពេទ្យដែលចង្អុលទៅលើតម្រូវការក្នុងការបន្តការព្យាបាល។

ប្រសិនបើការព្យាបាលមានរយៈពេលលើសពី ៦០ ថ្ងៃ ការអនុម័តដោយលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងយុត្តិធម៌ គឺត្រូវការជាចាំបាច់ ខណៈពេលដែលការយល់ព្រមពីរដ្ឋមន្ត្រីយុត្តិធម៌ត្រូវបានទាមទារប្រសិនបើការព្យាបាលមានរយៈពេលលើសពី ១២០ ថ្ងៃ៕ ប្រែសម្រួលៈ ណៃ តុលា

To Top