ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីកសិកម្មរុស្សី ស្នើសុំហាមឃាត់ ការនាំចេញប្រេងសាំងទៅក្រៅប្រទេស

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Dmitry Patrushev បានព្រមានកាលពីថ្ងៃពុធម្សិលមិញនេះថា កសិកររុស្ស៊ី អាចនឹងប្រឈមមុខ ទៅនឹងការខ្វះខាតប្រេងឥន្ធនៈសម្រាប់ការប្រមូលផល និងដាំដុះនៅរដូវរងានាពេលខាងមុខនេះហើយ កំពុងស្នើឱ្យមានការរឹតបន្តឹងការនាំចេញជាបណ្តោះអាសន្ន ដើម្បីជាដំណោះស្រាយចំពោះមុខ។

លោកPatrushev បានថ្លែងប្រាប់ទៅកាន់គណៈកម្មាធិការសភាបែបនេះថា៖ យើងមានបញ្ហាជាមួយនឹងការស្តុកប្រេង នៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេស។ លោក​បាន​បន្ត​ថា បើ​គ្មាន​ឥន្ធនៈ កសិករ​នឹងមិនអាចធ្វើការ​ច្រូតកាត់ ហើយ​មិនអាច​ដាំ​ដំណាំ​រដូវរងា​ឡើយដែលវា​នឹងនាំឲ្យ​ក្លាយ​ជា​គ្រោះ​មហន្តរាយមួយសម្រាប់រុស្សី ជាមិនខាន។

កាលពីសប្តាហ៍មុន លោក Patrushev បានរំលឹកសមាជិកសភារួចមកហើយថា ក្រសួងបានកត់សម្គាល់ពីការកើនឡើងគួរឱ្យព្រួយបារម្ភ នៃតម្លៃប្រេងឥន្ធនៈ និងប្រេងរំអិលដែលប្រើប្រាស់ក្នុងការធ្វើកសិកម្មហើយចាប់តាំងពីពេលនោះមក បញ្ហានេះបានវិវត្តទៅជាតម្រូវការក្នុងការធានាបាន នូវប្រេងឥន្ធនៈប្រហែល៥០ម៉ឺនតោនត្រឹមខែវិច្ឆិកា។

គួរឲ្យដឹងដែរថា តម្លៃប្រេងបានកើនឡើងលើសពី៩០ដុល្លារក្នុងមួយបារ៉ែលកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានយល់ព្រមបន្តកាត់បន្ថយ ការផលិតហើយក្នុងនោះរដ្ឋាភិបាលទីក្រុងមូស្គូ បានបន្តនាំចេញប្រេងក្នុងល្បឿនយ៉ាងលឿន ដោយមិនខ្វាយខ្វល់ពីសំណើររបស់ G7 ដើម្បីធ្វើឲ្យតម្លៃប្រេងធ្លាក់មកត្រឹម៦០ដុល្លារក្នុងមួយបារ៉ែលនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top