គៀវ៖ ទិន្នន័យពីធនាគារ កណ្តាលរបស់ប្រទេស អ៊ុយក្រែន បានបង្ហាញថា ទុនបម្រុងរូបិយ ប័ណ្ណបរទេស របស់អ៊ុយក្រែន បានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៦ខែ នៅក្នុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ធនាគារជាតិនៃអ៊ុយក្រែន (NBU) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងខែសីហា ទុនបម្រុងអន្តរជាតិ បានថយចុះ ៣,២ភាគរយ មកនៅត្រឹមប្រហែល ៤០,៤ពាន់លានដុល្លារអាមេរិក នៅលើផ្នែកខាងក្រោយ នៃការលក់រូបិយប័ណ្ណបរទេស ។
ប្រភពពីធនាគារជាតិ នៃអ៊ុយក្រែន NBU បានបញ្ចេញទឹកប្រាក់ចំនួន ២,៤៥៤ ពាន់លានដុល្លារ នៅលើទីផ្សាររូបិយប័ណ្ណ កាលពីខែមុន ដើម្បីគ្របដណ្តប់គម្លាតទីផ្សារ រវាងការផ្គត់ផ្គង់ និងតម្រូវការ ។
ចាប់តាំងពីដើមឆ្នាំមក ពោលគឺចាប់តាំងពីមានសង្គ្រាម ជាមួយប្រទេសរុស្ស៊ី ទុនបម្រុងបរទេសរបស់អ៊ុយក្រែន បានកើនឡើង ៤១,៧ ភាគរយ ឬស្មើនឹង ១១,៨៩៣ ពាន់លានដុល្លារ ៕
ប្រែសម្រួល ឈូក បូរ៉ា