ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនតូយូតា បញ្ជាក់ថា ការផ្អាកផលិតយានយន្ត ដោយសារតែបញ្ហាម៉ាស៊ីន

រូបភាពពី៖​ Kyodo

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមហ៊ុន តូយូតា (Toyota Motor Corp) បានបញ្ជាក់ថា ចំពោះការផ្អាកប្រតិបត្តិការនៅរោងចក្រ ដំឡើងរថយន្តទាំង១៤កន្លែងនៃក្រុមរបស់ខ្លួននៅក្នុងប្រទេសជប៉ុន កាលពីចុងខែមុន គឺបណ្តាលមកពីបញ្ហាម៉ាស៊ីនមេនៅក្នុងប្រព័ន្ធកុំព្យូទ័រ របស់ខ្លួនក្នុងអំឡុងពេលធ្វើការថែទាំជាប្រចាំថ្ងៃ ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានអនុវត្តការថែទាំនៅថ្ងៃទី២៧ ខែសីហា ដើម្បីសម្អាតមូលដ្ឋានទិន្នន័យ នៃប្រព័ន្ធសម្រាប់ដំណើរការផលិតកម្ម និងការបញ្ជាទិញគ្រឿងបន្លាស់ ហើយកំហុសមួយបានកើតឡើងដោយសារតែមិនមានទំហំថាសគ្រប់គ្រាន់សម្រាប់ការងារដែលធ្វើឱ្យប្រព័ន្ធផ្អាកជាបណ្តោះអាសន្នសិន ។

ផលិតកម្មក្នុងស្រុករបស់ក្រុមហ៊ុន តូយ៉ូតា ត្រូវបានបញ្ឈប់នៅថ្ងៃទី២៩ ខែសីហា ក្រោយពីការបរាជ័យបានកើតឡើងនៅក្នុងប្រព័ន្ធដែលធ្វើឱ្យការបញ្ជាទិញគ្រឿងបន្លាស់ ទៅកាន់អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតរថយន្ត ។ ក្រុមហ៊ុនបានផ្ទេរទិន្នន័យទៅម៉ាស៊ីនមេដែលមានសមត្ថភាពធំជាងនេះ ហើយចាប់ផ្តើមផលិតកម្មឡើងវិញនៅថ្ងៃបន្ទាប់វិញ ។

ក្រុមហ៊ុន តូយូតា បានឲ្យដឹងថា ខ្លួនបានបញ្ជាក់ថា ដំណើរការខុសប្រក្រតីនេះ មិនមែនបណ្តាលមកពីការវាយប្រហារតាមអ៊ីនធើរណេតអ្វីនោះទេ ។

ក្រុមហ៊ុនដដែលនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងពិនិត្យឡើងវិញ នូវនីតិវិធីថែទាំរបស់យើង និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីការពារការកើតឡើងបញ្ហាជាអ្វីម្តងទៀត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top