ព័ត៌មានអន្តរជាតិ

ព្យុះ Daniel វាយប្រហារមកលើប្រទេសក្រិច សេចក្តីរាយការណ៍បឋមស្លាប់៣នាក់

រូបភាពពី៖​ XINHUA

អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានជាតិរបស់ប្រទេសក្រិច ឈ្មោះ AMNA បានរាយការណ៍កាលពីថ្ងៃពុធថា មានមនុស្សចំនួន៣នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន ខណៈដែលព្យុះបានបោកបក់មកលើប្រទេសក្រិច ។

ព្យុះដែលបោកបក់នេះ គេហៅថា “Daniel” ដោយអ្នកឧតុនិយមក្រិច បានបញ្ជាក់ថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានខ្យល់បោកបក់មកលើប្រទេសចាប់ពីភាគខាងលិច ដែលកើតឡើងចាប់តំាងពីថ្ងៃចន្ទ ហើយព្យុះនេះបានបណ្តាលឱ្យមានគ្រោះទឹកជំនន់កើតឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធនៅតំបន់ភាគកណ្តាលនៃប្រទេសក្រិច ដោយបង្ខំឱ្យមានការជម្លៀសពលរដ្ឋរកកន្លែងមានសុវត្ថិភាព ។

កាលពីថ្ងៃពុធម្សិលមិញនេះ សាកសពស្ត្រីចំណាស់ម្នាក់វ័យ៨៧ឆ្នាំ និងបុរសចំណាស់វ័យ៨២ឆ្នាំម្នាក់ទៀតត្រូវបានដឹកដោយរថយន្តជួយសង្គ្រោះដែលមានអ្នកពន្លត់អគ្គីភ័យនៅតំបន់ភាគកណ្តាលនៃប្រទេសក្រិច នៅជិតទីក្រុង Volos និង Larissa ហើយកាលពីថ្ងៃអង្គារនៅជិតក្រុង Volos អ្នកគង្វាលម្នាក់បានបាត់បង់ជីវិតដែរ ។

យោងតាមទីភ្នាក់ងារ AMNA បានឲ្យដឹងថា បុរស៣នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃអង្គារ និងថ្ងៃពុធនៅក្នុងតំបន់តែមួយ ។

គេបានឃើញ ផ្ទះ និងអាជីវកម្មរាប់រយត្រូវបានប៉ះពាល់ ហើយកសិករ និងអ្នកបង្កាត់ពូជសត្វ បានរាយការណ៍ពីការខូចខាត ខណៈដែលការធ្វើចរាចរណ៍ត្រូវបានរំខាននៅក្នុងផ្នែកនៃផ្លូវជាតិដែលតភ្ជាប់ទីក្រុងអាតែនឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Thessaloniki ដែលនៅភាគខាងជើងប្រទេស ។

យោងតាមការចេញផ្សាយព័ត៌មានចុងក្រោយបំផុតដែលភាគច្រើននៅក្នុងតំបន់ Thessaly បានឲ្យដឹងថា នៅក្នុងអំឡុងពេល៤៨ម៉ោងកន្លងមកនេះ ក្រុមអ្នកពន្លត់អគ្គីភ័យបានទទួលការហៅទូរស័ព្ទចំនួន២.៤២១ដងសុំជំនួយដើម្បីជម្លៀសប្រជាជន បូមទឹកចេញ និងដឹកយកដើមឈើដែលដួលរលំចេញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top