ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក បង្ហាញពីការប្រេះឆាយ៉ាងជ្រាលជ្រៅ ជុំវិញសង្រ្គាមអ៊ុយក្រែន និងឥទ្ធិពលរបស់ចិន

រូបភាពពី៖​ kyodo

ហ្សាកាតា៖ មហាអំណាចអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញពីការបែកបាក់យ៉ាងស៊ីជម្រៅកាលពីថ្ងៃព្រហស្បតិ៍ ដោយមេដឹកនាំរបស់ពួកគេ បានផ្លាស់ប្តូរពាក្យសម្តីដ៏ឃោរឃៅជុំវិញសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងការអះអាងដែនសមុទ្ររបស់ចិន។

នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានសមាជិក ១៨ប្រទេស ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា សហរដ្ឋអាមេរិក និងជប៉ុន បានព្រមានថា ការវិវឌ្ឍន៍ទាំងនោះកំពុងគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោក ខណៈដែលចិន និងរុស្ស៊ីបានវាយបកវិញដោយ​ថា ទឡ្ហីករណ៍បែបនេះគ្រាន់តែសាបព្រោះគ្រាប់ពូជនៃការប្រឈមមុខគ្នា។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានលើកឡើងថា “សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្ត ចំពោះអ្វីដែលយើងត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយយើងនៅតែមានការព្រួយបារម្ភអំពីសកម្មភាពបង្កហេតុរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត”។

លោកស្រី Harris បានបន្ថែមថា “ការវាយប្រហារយ៉ាងឃោរឃៅ” របស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវតែត្រូវបានថ្កោលទោសថាជា “ការវាយប្រហារលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនោះ” ហើយថាទីក្រុងវ៉ាស៊ីនតោន នឹងបន្តឱ្យទីក្រុងម៉ូស្គូ ទទួលខុសត្រូវ ចំពោះ “ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិ” របស់ខ្លួន។

លោកស្រីបានបន្ដថា “នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងជុំវិញពិភពលោក យើងក៏ឃើញការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ” ដោយបន្ថែមថា ការព្រួយបារម្ភនេះត្រូវបានចែករំលែកជាមួយសមាជិកអាស៊ានជាច្រើន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top